ក្លឹបមេឃខៀវ Manchester City នឹងត្រូវបើកកីឡដ្ឋានតតាំងក្លឹបបារាំង Paris Saint-Germain នៅវេលាម៉ោង ០៣:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ទី ២៥ ជាប្រកួតជុំទី ៥ វគ្គចែកពូល UEFA Champions League មានផ្សាយផ្ទាល់លើទំព័រ CTS Sports។
មុនឈានដល់ការប្រកួត ដោយសង្កេតមើលតាមរយៈសមាសភាពកីឡាករកំពុងហ្វឹកហាត់ គឺយើងអាចឃើញតម្រុយវិជ្ជមាន នៃការដែលអាចមកបង្ហាញខ្លួនជាលើកដំបូងរបស់ខ្សែការពារឆ្នើម Sergio Ramos។
ជាការពិត កីឡាករលេងតំណែងការពារកណ្តាល បានខកខានការបង្ហាញខ្លួនឲ្យ PSG តាំងតែពីបើកក្បាលរដូវកាល ក្រោយជួបបញ្ហារបួស ពោលឆ្លងកាត់ជាង ៣ ខែមកហើយ។ នៅប្រកួតពាក់កណ្តាលសប្តាហ៍នេះ សូម្បីតែលោក Mauricio Pochettino ជាអ្នកចាត់ការ ក៏បង្ហាញតម្រុយវិជ្ជមានដូចគ្នា ក្រោយមើលឃើញ Ramos បង្ហាញទម្រង់លេងនៅការហ្វឹកហាត់បានល្អ។
នេះវានឹងក្លាយជាប្រកួតដំបូងសម្រាប់ Ramos ក្នុងការឈរជើងលើទីលានប្រកួតផ្លូវការឲ្យក្លឹបសេដ្ឋី PSG ហើយក៏ជាប្រកួតដំបូង ដែលបានសហការជាមួយអតីតគូប្រជែង Lionel Messi ក្នុងនាមជាមិត្តរួមក្រុមថ្មី៕
ប្រភព៖ BeSoccer