Rio Ferdinand បានផ្ដល់យោបល់ថាក្រុមបិសាចក្រហម Manchester United គួរតែចំណាយប្រាក់ដើម្បីទិញយកខ្សែបម្រើប្រយុទ្ធ Jude Bellingham ពីក្រុម Dortmund ប្រសិនបើចង់ស្រោចស្រង់ក្លឹបឡើងវិញ។
កាលពីរដូវកាលមុន Man Utd បានទាក់ទងចង់បានកីឡាករវ័យក្មេងខាងលើម្ដងមកហើយ ប៉ុន្តែតម្លៃខ្លួនរបស់គេរហូតដល់១០០លានផោនឯណោះ ទើបបិសាចក្រហមដកខ្លួនវិញ។ ស្របពេលរដូវកាលនេះ កីឡាករអង់គ្លេសកាន់តែធ្វើបានល្អបន្ថែមទៀត ទើបបានជាធ្វើឱ្យលោក Rio ដែលជាអតីតកីឡាករ Man Utd ម្នាក់ដែរនោះ ស្ដាយក្រោយដែលក្រុមនេះមិនចំណាយប្រាក់ទិញយក Bellingham កាលពីរដូវកាលមុន។
លោកជឿថាប្រសិនបើបិសាចក្រហម អាចយក Bellingham ពីក្រុម Dortmund មកបាន នោះនឹងមានការប្រសើរឡើងមិនខាននៅតំបន់បម្រើ។ រូបគេជាកីឡាករឆ្នើមនិងវ័យក្មេងម្នាក់ ដែលមានអនាគតវែងឆ្ងាយ។ ដូច្នេះនៅទីផ្សារដោះដូរខាងមុខ គួរណាស់តែ Man Utd ជះលុយទិញរូបគេឱ្យបានហើយ៕ប្រភព Dailymail