លោក Ole Gunnar Solskjaer បាននិយាយថាក្រុមបិសាចក្រហម Manchester United នឹងអាចប្រជែងពានរង្វាន់ UEFA Champions League បាននារដូវកាលនេះ។
ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតបើកឆាកពានរង្វាន់ UEFA Champions League ទល់ក្រុម Young Boys នៅរាត្រីនេះ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល។ ប្រកួតទល់ក្រុមនៅប្រទេសស្វីសនេះដែរ ត្រូវបានអ្នកគាំទ្រជឿជាក់ថាលោក Ole នឹងបន្ដដាក់ Cristiano Ronaldo ឱ្យចូលលេងទៀតហើយ។ ខណៈដែលប្រកួតក្នុងលីគកន្លងទៅ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរកគ្រាប់បាល់បានដល់ទៅ២គ្រាប់ម្នាក់ឯងឯណោះ។
វត្ដមានកីឡាករថ្មីដូចជា Ronaldo, Varane និង Sancho បានធ្វើឱ្យលោក Ole ជឿជាក់ថាក្រុម Man Utd ពេលនេះមានសមត្ថភាពគ្រប់គ្រាន់ហើយក្នុងការប្រកួតប្រជែងជាមួយក្រុមដទៃទៀត។ បិសាចក្រហមមានកីឡាករពេញតាំងពីក្រោមដល់លើ ដោយនេះជាសញ្ញាបញ្ជាក់ថាក្រុមទាំងមូលត្រៀមជាស្រេចក្នុងការប្រជែងជាមួយក្រុមដទៃទៀត និងមិនត្រូវខ្លាចក្រុមណាឡើយ៕ប្រភព Dailymail