ក្រោយចាយពេល ១០ ឆ្នាំនៅ Real Madrid ទីបំផុត Raphael Varane បានសម្រេចការផ្ទេរមកកាន់ក្លឹបថ្មី Manchester United នៅថ្ងៃទី ២៨ កក្កដានេះ ជាមួយសុពលភាពកុងត្រារយៈពេល ៥ ឆ្នាំ ពោលគឺដល់ចុងខែមិថុនា ឆ្នាំ ២០២៦។
បើតាមដំណឹងការផ្ទេរចេញសារនេះ គឺគ្មានការដោះដូរកីឡាករណាមួយជាថ្នូរអ្វីនោះទេ ផ្ទុយទៅវិញគឺប្រើប្រាស់លុយសុទ្ធ ប្រមាណ ៥០ លានអឺរ៉ូ។ តាមថា Real ក៏មិនចង់លក់ដែរ តែដោយសារទាល់ខ្លាំង ត្រូវការលុយបង្វិលក្នុងស្ថានភាពការរាតត្បាតជំងឺ COVID-19។ ជាមួយការមកដល់របស់កីឡាករបារាំង ទំព័រ CTS Sports សូមធ្វើការបង្ហាញរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ៣ ដូចខាងក្រោម៖
១) ទំហំប្រាក់ពលកម្ម
បើតាមសារព័ត៌មាន L’Equipe បានចុះផ្សាយ សម្រាប់ការឈរជើងរបស់ Varane នៅ Old Trafford គេអាចទទួលបានប្រាក់ពលកម្មប្រហែលនឹងកាលនៅក្លឹបចាស់ Real Madrid ដែរ ហើយស្មើនឹងកម្រិតប្រធានក្រុម Harry Maguire នៅបិសាចក្រហម។
នោះគឺក្នុងមួយសប្ដាហ៍ ខ្សែការពារកណ្ដាលវ័យ ២៨ ឆ្នាំអាចទទួលបានប្រាក់ ១៩០ ០០០ ផោន/សប្តាហ៍ ហើយនៅទាបជាងមិត្តរួមក្រុមតែ ៦ រូបប៉ុណ្ណោះ តួយ៉ាងគឺ Marcus Rashford បាន ២០០ ០០០ ផោន, Edinson Cavani បាន ២១០ ០០០ ផោន, Anthony Martial បាន ២៥០ ០០០ ផោន, Paul Pogba បាន ២៩០ ០០០ ផោន, Jadon Sancho បាន ៣៥០ ០០០ ផោន និង David de Gea បាន ៣៧៥ ០០០ ផោន។
២) លេខអាវរបស់ Varane
ដ្បិតខាងក្លឹប Man Utd មិនទាន់ប្រកាសជាផ្លូវការ តែតាមប្រភពគួរឲ្យទុកចិត្តជាច្រើនបានចុះផ្សាយដូចៗគ្នាថា អតីតកីឡាករ Real Madrid រូបនេះ នឹងទទួលបានលេខអាវពិសេស ជាលេខល្អជាងកាលនៅក្លឹបចាស់ទៅទៀត។
កាលនៅអធិរាជស Varane គេធ្លាប់ប្រើប្រាស់អាវលេខ ១៩, ២ និង ៥ ដោយតាមថាគេក៏ចង់បានអាវលេខ ៤ ដែលជាលេខអាវពិសេសរបស់ខ្លួន ធ្លាប់ជួយឲ្យបារាំងលើកពាន FIFA World Cup ២០១៨ តែសារមុននោះ វាជាប់នៅលើបងធំប្រចាំក្លឹបគឺ Sergio Ramos។
យ៉ាងណាការផ្ទេរមក Old Trafford ខាងក្លឹបបិសាចក្រហម នឹងផ្តល់ឲ្យមួយពេញចិត្ត ដោយក្លឹបនឹងដកលេខ ៤ ពីកីឡាករ Phil Jones ដែលក្លឹបកំពុងលៃលកចង់លក់ចេញ មកប្រគល់ឲ្យជើងថ្មី Varane។ នេះបើតាមសារព័ត៌មាន The Mirror បានចុះផ្សាយ។
ប៉ុន្តែបើគេចង់បានលេខអាវចាស់ កាលនៅ Real Madrid វាដូចជាពិបាកបន្តិច ព្រោះសុទ្ធតែជាប់នៅនៅអាវកីឡាករសំខាន់ ដូចជាលេខ ៥ ជារបស់ Maguire, លេខ ២ របស់ Lindelof និងលេខ ១៩ របស់ Amad។ ក្រៅពីនោះគេនៅមានជម្រើសលេខទំនេរផ្សេងទៀតដូចជា ១២, ២២ និង ១៦។
១) ការរៀបឈុត ១១ រូបល្អបំផុត
សារនេះយើងមិនចង់ប្រើប្រាស់តែឈ្មោះ Varane និង Sancho ដែលជាចំណូលថ្មីនោះទេ ព្រោះយើងជឿថា Man Utd នឹងមិនបញ្ចប់ការនាំយកកីឡាករត្រឹមប៉ុណ្ណឹងឡើយ ហើយនឹងបន្តទៅចរចាសម្រេចការនាំយកខ្សែការពារស្លាបមួយរូបទៀតគឺ Kieran Trippier របស់ក្លឹប Atletico Madrid។ ដូច្នេះបង្រ្គប់ទាំង Trippier យើងគិតថាឈុត ១១ រូបល្អបំផុតរបស់ United នៅរដូវកាលថ្មី គួរតែប្រើប្រាស់ប្រព័ន្ធ ៤-៣-៣ ហើយដាក់៖
អ្នកចាំទី: Dean Henderson
ខ្សែការពារ: Kieran Trippier, Raphael Varane, Harry Maguire, Luke Shaw
ខ្សែបម្រើ: Scott McTominay, Bruno Fernandes, Paul Pogba
ខ្សែប្រយុទ្ធ: Jadon Sancho, Edinson Cavani និង Marcus Rashford
គួរបញ្ជាក់ថា United ត្រូវឆ្លងកាត់ការប្រកួតមិត្តភាព ៣ ដែលនៅសេសសល់មានដូចជាប៉ះ Brentford, Preston និង Everton។ ចំណែកឯការបើកឆាកនៅរដូវកាល ២០២១/២២ Premier League គឺក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer នឹងត្រូវស្វាគមន៍ Leeds United នាវេលាម៉ោង ០៦:៣០ នាទីល្ងាច ថ្ងៃទី ១៤ សីហា មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕