ក្លឹប Real Madrid ដែលដឹកនាំដោយអ្នកចាត់ការថ្មីលោក Carlo Ancelotti បានប្រកាសកន្លងមកហើយពីផែនការណ៍ប្រកួតកម្តៅសាច់ដុំមុនបើករដូវកាល គឺលេងប៉ះ Rangers នៅចុងខែកក្កដានេះ ដល់ឥឡូវក៏បានប្រកាសពីប្រកួតមួយផ្សេងទៀត ទល់ក្លឹបមកពីលីគកំពូលអ៊ីតាលីនោះគឺ AC Milan។
ការប្រកួតកម្តៅសាច់ដុំនឹងធ្វើឡើងនៅថ្ងៃទី ៨ សីហា វេលាម៉ោង ១១:៣០ នាទីយប់ នៅឯកីឡដ្ឋាន Worthersee Stadion ក្នុងទីក្រុង Klagenfurt ប្រទេសអូទ្រីស។ ក្រោយចប់ពីប្រកួតនោះទៅ ប្រហែល Real នឹងត្រៀមខ្លួនចូលរួមប្រកួតនៅ La Liga តែម្តង ពោលគឺរំលងមួយសប្តាហ៍បន្ទាប់ ត្រូវប៉ះ Alaves ជាប្រកួតបើកឆាករដូវកាលថ្មី ២០២១/២២។
បញ្ជាក់ថា នេះជាការវិលត្រលប់មកដឹកនាំអធិរាជស លើកទី ២ របស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី Ancelotti ក្រោយពីធ្លាប់ដឹកនាំម្តងកាល ពីចន្លោះឆ្នាំ ២០១៣-២០១៥។ យើងនឹងរង់ចាំមើល តើសមត្ថភាពដឹកនាំរបស់បុរសវ័យ ៦២ ឆ្នាំ អាចជួយស្តេចសធ្វើបានល្អជាងសម័យកាលរបស់ Zinedine Zidane បានដែរឬយ៉ាងណា?
ប្រភព៖ Marca