ក្រោយយកឈ្នះទៅលើអេស្ប៉ាញ ដោយបាល់ប៉េណាល់ទីកាលពីយប់មិញ ក៏នាំឲ្យក្រុមអ៊ីតាលីមានឱកាសបន្តកំណត់ត្រារបស់ខ្លួន នាមជាក្រុមដែលលេងមិនទាន់ស្គាល់ពាក្យថា “ចាញ់” ៣៣ ប្រកួតហើយ ដោយត្រូវការ ២ ប្រកួតទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត។
អ៊ីតាលីចាញ់លើកចុងក្រោយក្រោមថ្វីជើងរបស់ព័រទុយហ្គាល់ កាលពីខែកញ្ញា ឆ្នាំ ២០១៨ ដែលវាជាបរាជ័យលើកទី ២ ក្រោមការដឹកនាំរបស់លោក Roberto Mancini តាំងពីឆ្នាំ ២០១៨ នោះមក។ បន្តរហូតមកទល់ឆ្នាំ ២០២១ អ៊ីតាលីស្គាល់តែជ័យជម្នះ និងស្មើ ហើយបន្តដល់ ៣៣ ប្រកួតហើយ។
កំណត់ត្រាក្រុមជម្រើសជាតិលេងមិនស្គាល់ពាក្យថា “ចាញ់” ច្រើនប្រកួតបំផុតនៅក្នុងពិភពលោក មាន ២ ក្រុមគឺប្រេស៊ីល នៅឆ្នាំ ១៩៩៣-៩៦ និងអេស្ប៉ាញនៅឆ្នាំ ២០០៧-០៩ ដែលមាន ៣៥ ប្រកួត។
ដូច្នេះហើយអ៊ីតាលីអាចបន្តកំណត់ត្រានេះបាន លុះត្រាណាតែអាចយកឈ្នះនៅប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 ព្រោះគ្មានពាក្យថា ស្មើ ឡើយនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយប្រកួតទី ៣៥ អាចស៊ីសងជាមួយក្រុមប៊ុលហ្គារី នៅខែកញ្ញាឯណោះ៕