ការប្រកួត Euro 2020 បានឈានចូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយអ៊ីតាលីត្រូវប៉ះអេស្ប៉ាញ នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ថ្ងៃទី ៧ កក្កដា ហើយអង់គ្លេសត្រូវប៉ះដាណឺម៉ាក នៅម៉ោងដដែល នាថ្ងៃទី ៨ កក្កដា។
ពួកគេសុទ្ធតែជាក្រុមខ្លាំង ដែលមិនអាចមើលស្រាលបាន ហើយឆ្លងផុតក្រុមជម្រើសជាតិធំៗជាច្រើន មុនមានឈ្មោះអាចឡើងមកដល់វគ្គនេះ។ យ៉ាងណាដើម្បីញាំងឲ្យការទស្សនារបស់អ្នកកាន់តែជក់ចិត្ត CTS Sports ក៏សូមធ្វើការរំឭកលើកមកបង្ហាញនូវប្រវត្តិធ្លាប់ប៉ះគ្នា ស្ថិតិមួយចំនួន ក៏ដូចជាលទ្ធផលព្យាករណ៍គ្រាប់បាល់សម្រាប់ប្រកួតទាំង ២ ខាងលើ៖
១) អ៊ីតាលី ទល់អេស្ប៉ាញ
ជួបគ្នាលើកដំបូងនៅឆ្នាំ ១៩២៤ ហើយសរុបមកទល់បច្ចុប្បន្នមាន ៣៣ លើកហើយ។ អ៊ីតាលីឈ្នះ ១២ លើក ស្មើ ១២ លើក និងចាញ់ ៩ លើក ខណៈនៅ Euro ក្រុមទាំងពីរធ្លាប់ជួបគ្នា ៦ លើក ដោយលើកចុងក្រោយអ៊ីតាលី ទម្លាក់អេស្ប៉ាញ ក្រោមលទ្ធផល ២-០ នៅវគ្គ ១៦ ក្រុម កាលពីឆ្នាំ ២០១៦។
សរុបការជួបគ្នា ៩ លើកចុងក្រោយនៅពាន Euro និង World Cup អ៊ីតាលីគឺមានប្រៀបជាងដោយឈ្នះ ៤ ស្មើ ៤ និងចាញ់តែ ១ លើកគត់។
៥ ប្រកួតចុងក្រោយរបស់អ៊ីតាលី មិនទាន់ស្គាល់ថា ចាញ់ ឬស្មើនោះទេ ជាពិសេសនៅ Euro 2020 សារនេះពួកគេធ្វើបានល្អមិនគួរឲ្យជឿ។ រីឯអេស្ប៉ាញឈ្នះ ៣ ស្មើ ២ បន្តឈរឈ្មោះជាក្រុមដែលពូកែខាងបញ្ជូនបាល់ តែការបញ្ចប់ទីនិងទប់គ្រាប់បាល់ Clean Sheet គឺឡើងចុះមួយសារៗ ដែលយើងពិបាកនឹងទស្សន៍ទាយទុកមុន។
និយាយពីសមាសភាពកីឡាករ មិនជារឿងគួរឲ្យបារម្ភសម្រាប់ក្រុមទាំងពីរឡើយ ពោលគឺពេញជើងទាំងសងខាង ហើយតាមការព្យាករណ៍ជម្រើស ១១ នាក់ដំបូងរបស់ក្រុមអ៊ីតាលីអាចជាមាន៖ Donnarumma; Lorenzo, Bonucci, Chiellini, Emerson; Barella, Jorginho, Verratti; Chiesa,Immobile និង Insigne។
ខណៈដែលអេស្ប៉ាញអាចជាមាន៖ Simon; Azpilicueta, Laporte, Pau Torres, Alba; Koke, Busquets, Pedri; Ferran Torres, Morata និង Olmo។
ផ្អែកតាមទម្រង់លេងដ៏ល្អរបស់អ៊ីតាលីនៅរយៈពេលចុងក្រោយ ក៏ដូចជាស្ថិតិប៉ះគ្នាកន្លងមកដែលអ៊ីតាលីមានប្រៀបជាងស្រាប់ផង សម្រាប់គូនេះយើងសូមទស្សន៍ទាយថា អ៊ីតាលីនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដោយយកឈ្នះអេស្ប៉ាញ ២-១ ដោយរវាងក្រុមទាំងសងខាងមិនងាយនឹងស៊ីដាច់គ្នា ២ គ្រាប់បានឡើយ។
២) អង់គ្លេស ទល់ដាណឺម៉ាក
ដាណឺម៉ាកជាក្រុមដែលជួបរឿងខកចិត្ត ចាញ់ហ្វាំងឡង់ ១-០ ហើយត្រូវបាត់បង់ Christian Eriksen តាំងពីប្រកួតដំបូង បែរជាបង្ហាញភាពខ្លាំងនៅប៉ុន្មានប្រកួតចុងក្រោយ រហូតអាចឆ្ពោះមកដល់វគ្គ ៤ ក្រុមទល់អង់គ្លេស។
ត្រឹម ៣ ប្រកួត ដាណឺម៉ាករកបាន ១០ គ្រាប់ រាប់បានជាក្រុមពូកែខាងសម្រុកយកគ្រាប់បាល់ ហើយអង់គ្លេស ជាក្រុមដែលពូកែទប់មិនឲ្យរបូតគ្រាប់បាល់ ជាប់ឈ្មោះជាក្រុមតែមួយគត់នៅ Euro 2020 ដែលមិនទាន់ឲ្យក្រុមណាស៊ុតបញ្ចូលទីបានឡើយ។ ដ្បិតបើអង់គ្លេសសំបកក្រៅទៅមើលមានប្រៀបជាង តែអ្នកត្រូវចាំថា ដាណឺម៉ាកមិនអាចមើលស្រាលបានទេ ពួកគេធ្លាប់ជាក្រុមឈ្នះពាន Euro កាលពីឆ្នាំ ១៩៩២ ខណៈអង់គ្លេសអស់ធំ ឡើងបានត្រឹមវគ្គ ៤ ក្រុមប៉ុណ្ណោះ។
ប្រវត្តិធ្លាប់ប៉ះគ្នា អង់គ្លេសជួបដាណឺម៉ាក ២១ លើក ឈ្នះ ១២ ស្មើ ៥ និងចាញ់ ៤ ដោយរាប់តែនៅ Euro គឺមាន ៥ លើក ហើយអង់គ្លេស ឈ្នះ ២ ស្មើ ២ ចាញ់ ១។ យ៉ាងណា ២ ប្រកួតចុងក្រោយនៅឆ្នាំ ២០២០ ដែលជួបគ្នានៅពាន UEFA Nations League អង់គ្លេសហាក់បង្ហាញទម្រង់លេងមិនល្អ ដោយជើងទី ១ ស្មើ ០-០ និងជើងទី ២ ចាញ់ ០-១ ទល់ដាណឺម៉ាក ដែលនេះក៏ជារឿងគួរឲ្យបារម្ភសម្រាប់អង់គ្លេសនៅការប្រកួតសារនេះដែរ។
ជម្រើស ១១ នាក់ដំបូងដែលក្រុមទាំងពីរអាចប្រើប្រាស់ សម្រាប់អង់គ្លេសមានដូចជា៖ Pickford, Walker, Stones, Maguire, Shaw, Phillips, Rice, Sancho, Mount, Sterling និង Kane។ រីឯដាណឺម៉ាកអាចជា៖ Schmeichel, Vestergaard, Kjær, Christensen, Mæhle, Delaney, Hojbjerg, Larsen, Braithwaite, Damsgaard និង Dolberg។
យ៉ាងណារជ្ជកាលថ្មីរបស់អង់គ្លេសនៅឆ្នាំ ២០២១ នេះ នរណាក៏និយាយដែរថា ជាឆ្នាំដែលអង់គ្លេសសក្ដិសមឈ្នះពាន Euro បំផុត អ៊ីចឹងយើងនៅតែហ៊ានទស្សន៍ទាយថា ជំនួបនេះអង់គ្លេសប្រាកដជាឈ្នះ តែមិនកើតឡើងលើសពី ៤ គ្រាប់ឡើយ ពោលលទ្ធផល អាចជាអង់គ្លេសយកឈ្នះដាណឺម៉ាក ១-០ ឬ ២-១ ធំបំផុត៕