ក្រោយចប់ភារកិច្ចជាមួយជម្រើសជាតិវែល ដែលធ្លាក់ពី Euro ត្រឹមវគ្គ ១៦ ក្រុម កីឡាករ Gareth Bale ក៏ត្រូវគិតដល់ជំហានបន្ទាប់ ក្នុងការសម្រេចវិលត្រលប់ទៅកាន់ក្លឹបអាណាព្យាបាល Real Madrid ឬផ្ទេរចេញទៅក្លឹបណាមួយនៅទីផ្សារដោះដូរខាងមុខ។
បច្ចុប្បន្ន Bale អស់សុពលភាពកុងត្រាខ្ចីជើងនៅ Spurs ហើយ ពោលមានតែការត្រលប់មក Real Madrid វិញទេ ជាគោលដៅអាទិភាពសម្រាប់ខ្លួន ខណៈ សុពលភាពកុងត្រាជាមួយអធិរាជសត្រូវផុតនៅឆ្នាំក្រោយ ២០២២។
យ៉ាងណាតាមរបាយការណ៍ពី Daily Mirro បានចុះផ្សាយ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំ ទំនងជាចង់ផ្ទេរចេញពីលីគកំពូលអឺរ៉ុបត្រឹមពេលនេះតែម្តង ហើយបោះជំហានថ្មីជាមួយក្លឹបនៅទឹកដីសហរដ្ឋអាមេរិកគឺ LA Galaxy របស់លីគកំពូល MLS វិញ។
គួរបញ្ជាក់ថា La Galaxy ក៏ធ្លាប់មានវត្តមានកីឡាករកំពូលៗជាច្រើន ទៅចូលរួមនៅទីនោះ តួយ៉ាងដូចជា David Beckham, Steven Gerrard និង Zlatan Ibrahimovic តែបច្ចុប្បន្នអ្នកទាំងបីបានផ្ទេរចេញអស់ហើយ។ ចុះអ្នកបន្ទាប់ តើអាចនឹងក្លាយជា Bale ដែរឬទេ?
ប្រភព៖ Marca