Sergio Ramos ប្រហែលជានឹងសម្រេចលើការចរចាផ្ទេរទៅក្លឹបបារាំង Paris Saint-Germain ហើយនៅពេលខាងមុខ ខណៈដែលការចរចានៅពេលបច្ចុប្បន្នហាក់ប្រព្រឹត្តិទៅបានយ៉ាងរលូន ត្រៀមតែសម្រេចការព្រមព្រៀង និងប្រកាសជាផ្លូវការតែប៉ុណ្ណោះ។
ខ្សែការពារកណ្តាលរបស់ក្លឹប Real Madrid បានសម្រេចមិនបន្តកុងត្រាថ្មី ហើយចែកផ្លូវពីក្លឹបអធិរាជស ក្រោយផុតថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២១ ខាងមុខ បន្ទាប់ពីចាយពេល ១៦ ឆ្នាំនាមជាវីរបុរសប្រចាំប្រវត្តិសាស្រ្តក្លឹប។
មកទល់ពេលនេះបើតាម FootMercato បានចុះផ្សាយ កីឡាករអេស្ប៉ាញបានស្វះស្វែងដើររកទិញផ្ទះជាបណ្តើរៗហើយក្នុងទីក្រុងប៉ារីស ដែលនេះគេជឿថា ប្រធានក្រុមរបស់ Madrid មិនយូរទេ នឹងប្រកាសក្លាយឈ្មោះជាកីឡាកររបស់ក្លឹបសេដ្ឋីបារាំង។
វាក៏កើតឡើងជួនពេលដែលមានដំណឹងថា លោក Mauricio Pochettino ក៏ពេញចិត្តខ្លាំងទៅលើ Ramos ដូចគ្នា ហើយកំពុងស្នើទៅលោក Leonardo ឲ្យបញ្ជូនសំណើទៅថ្នាក់លើដើម្បីសម្រេចឲ្យបានលឿនលើការនាំយកខ្សែការពារកណ្តាលពោរពេញដោយគុណភាពខាងលើ៕
ប្រភព៖ BeSoccer