បើនិយាយពីក្រុមខ្លាំងនៅតំបន់អឺរ៉ុប ឬជាក្រុមដែលមានប្រៀបនៅ Euro អ្នកគាំទ្រភាគច្រើនប្រាកដជានិយាយដល់ឈ្មោះក្រុមអាល្លឺម៉ង់, អេស្ប៉ាញ, បារាំង និងអ៊ីតាលីជាដើម។ ជាការពិតពួកគេសុទ្ធតែជាក្រុមដែលធ្លាប់ឈ្នះពានយ៉ាងហោចណាស់ ១ លើក ដោយរាប់ចាប់តាំងពីការបង្កើតពាន Euro នៅឆ្នាំ ១៩៥៨។
សរុប ១៥ សម័យកាល អាល្លឺម៉ង់ និងអេស្ប៉ាញម៉ៅម្នាក់ ៣ លើក ខណៈបារាំង ២ លើក អ៊ីតាលី/ព័រទុយហ្គាល់ ១ លើកៗ ចុះសល់ ៥ សម័យកាលផ្សេងទៀត តើជាក្រុមជម្រើសជាតិណាទៅ? ជឿថាតាមរយៈការបកស្រាយក្នុងអត្ថបទនេះ នឹងក្លាយជាព័ត៌មានថ្មីមួយសម្រាប់អ្នកគាំទ្រមួយចំនួន ហើយវាក៏ជាអ្វីដែលអ្នកគួរតែដឹងដើម្បីញាំងឲ្យការទស្សនាព្រឹត្តិការណ៍ Euro 2020លើទំព័រ CTS Sports កាន់តែមានឱជារសបន្ថែមទៀត៖
៥) សហភាពសូវៀត ឆ្នាំ ១៩៦០
សហភាពសូវៀតធ្លាប់មានឈ្មោះក្នុងវិស័យបាល់ទាត់នៅឆ្នាំ ១៩២៤ ដល់ឆ្នាំ ១៩៩៣ ហើយនៅព្រឹត្តិការណ៍ Euro របស់ UEFA ពួកគេក៏ធ្លាប់ប្រលូកច្រើនជំនាន់ផងដែរ។
សហភាពសូវៀត ឬហៅកាត់ USSR ធ្លាប់បានឈ្នះជើងឯក Euro នៅឆ្នាំ ១៩៦០ ក្រោយយកឈ្នះយូហ្គោស្លាវី ២-១ នៅបាល់ថែមម៉ោង ១៥ នាទីពីរដង។ ដោយឡែកនៅតំណែងជើងឯករង ពួកគេធ្លាប់ទទួលបាន ៣ លើកស្មើនឹងកម្រិតរបស់អាល្លឺម៉ង់ដែរ។
៤) សាធារណរដ្ឋឆែក ឆ្នាំ ១៩៧៦
មានអាយុកាលជាង ៩០ ឆ្នាំមកហើយ ជម្រើសជាតិឆែកធ្លាប់ឈ្នះពានលំដាប់អន្តរជាតិមួយលើកដែរ នោះគឺ Euro ឆ្នាំ ១៩៧៦។ ពួកគេបានយកឈ្នះដោយលទ្ធផល ៥-៣ នៅបាល់ប៉េណាល់ទីកាត់សេចក្ដីទល់ក្រុមអាល្លឺម៉ង់ខាងលិច។ ក្រៅពីនេះ សាធារណរដ្ឋឆេកក៏ធ្លាប់ឈរជើងឯករងម្ដង កាលពីឆ្នាំ ១៩៩៦ នោះគឺជាការសងសឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយលទ្ធផល ២-១។
៣) ហូឡង់ ឆ្នាំ ១៩៨៨
ជាជើងខ្លាំងនៅ FIFA World Cup ដែលឈរជើងឯករង ៣ សម័យកាល សម្រាប់ក្រុមហូឡង់ក៏ធ្លាប់ស្គាល់រសជាតិឈ្នះជើងឯកនៅ Euro ១ លើកដែរ នោះគឺនៅឆ្នាំ ១៩៨៨។ កាលនោះហូឡង់យកឈ្នះសហភាពសូវៀតនៅទឹកដីទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ជាមួយលទ្ធផល ២-០។ វាក៏ជាសម័យកាលដែលហូឡង់បណ្តុំទៅដោយជើងខ្លាំងដូចជា Ronald Koeman, Ruud Gullit, Marco van Basten និង Frank Rijjkaard ជាដើម។
២) ដាណឺម៉ាក ឆ្នាំ ១៩៩២
ពានលំដាប់អន្តរជាតិ ក្រុមដាណឺម៉ាកធ្លាប់ឈ្នះតែ ២ លើកគត់ មាន ១ លើកនៅ Euro ឆ្នាំ ១៩៩២ និង ១ លើកនៅ Confederation Cup ឆ្នាំ ១៩៩៥។ រំឭកទៅការប្រកួត ក្នុងទឹកដីស៊ុយអែតកាលពីឆ្នាំ ១៩៩២ ពេលនោះដាណឺម៉ាកបានយកឈ្នះអាល្លឺម៉ង់ ដោយលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយលទ្ធផលនេះ ព្រោះសម័យកាលនោះអាល្លឺម៉ង់ក៏ជាក្រុមខ្លាំងមួយដែរ។
១) ក្រិក ឆ្នាំ ២០០៤
បើនិយាយថា ក្រិក ជាក្រុមធ្លាប់ឈ្នះ Euro ដែលល្អជាងទាំងអង់គ្លេស ស្វីស និងបែលហ្សិក ទោះអ្នកមិនជឿក៏ត្រូវតែជឿដែរ។ ប្រវត្តិសាស្ត្រមិនអាចកែប្រែបានទេ ដោយឈ្មោះក្រុមឈ្នះជើងឯកក្រិកបានចារនៅឆ្នាំ ២០០៤ បន្ទាប់ពីយកឈ្នះទៅលើ ព័រទុយហ្គាល់ ដោយលទ្ធផល ១-០។
ក្រោមក្រសែភ្នែករបស់អ្នកទស្សនាជាង ៦០ ០០០ នាក់ក្នុងកីឡដ្ឋាននៅទឹកដីព័រទុយហ្គាល់ផ្ទាល់ តើនរណាទៅជឿនោះថាក្រិកអាចយកឈ្នះបាន តែបាល់មូលគឺកើតមានពិតមែន មួយគ្រាប់របស់ Charisteas នៅនាទី ៥៧ បានធ្វើឲ្យអ្នកគាំទ្រព័រទុយហ្គាល់ស្ងាត់មាត់ជ្រាប ដល់ចប់ការប្រកួត៕
ប្រភព៖ Wikipedia