បើតាមរបាយការណ៍ពី Fabrizio Romano ជាអ្នកព្យាករណ៍ឆុតៗមួយលើទីផ្សារដោះដូរក្នុងពិភពបាល់ទាត់ បានឲ្យដឹងមុននេះថា ក្លឹបអង់គ្លេស Tottenham Hotspur កំពុងស្ថិតក្នុងការចរចាជាមួយភាគីអ្នកចាត់ការលោក Antonio Conte អំពីការមកដឹកនាំនៅរដូវកាលក្រោយ ២០២១/២២។
Conte ត្រៀមនឹងប្រកាសពីការចែកផ្លូវជាមួយក្លឹប Inter Milan នៅពេលខាងមុខ ហើយមានក្លឹបធំៗជាច្រើនដែលអាចនឹងចរចាយកលោក ដោយក្នុងនោះ Spurs ក៏កំពុងឈានដល់ក្តីសង្ឃឹមខ្ពស់មួយដែរ។
តាមប្រភពបានឲ្យដឹងថា ការចរចាគឺឈានដល់ដំណាក់កាលនិយាយអំពីថ្លៃឈ្នួល ជាមួយភាគីភ្នាក់ងាររត់ការរបស់លោក Conte ហើយ ប៉ុន្តែរឿងមួយដែល Spurs មិនអនុញ្ញាតនោះ គឺមិនឲ្យលោក Conte នាំយកបុគ្គលិកជាជំនួយការរបស់ខ្លួនលើសពី ៤ រូបឡើយមកកាន់ក្លឹបថ្មី។
ការសម្រេចបែបណាយើងនឹងបានដឹងនៅពេលដ៏ខ្លីខាងមុខ។ បញ្ជាក់ថា Spurs តាំងពីលោក Jose Mourinho ចាកចេញពីតំណែង គឺមិនទាន់រកបានអ្នកចាត់ការពេញលេញមួយនៅឡើយ ដោយសព្វថ្ងៃដឹកនាំដោយលោក Ryan Mason ជាគ្រូបណ្តោះអាសន្ន ដែលមិនសង្ឃឹមថាអាចទទួលបានតំណែងផ្លូវការឡើយ៕
ប្រភព៖ Goal