“អ្នកប្រមាញ់” Xie Wei បានបន្ថែមជ័យជម្នះដ៏អស្ចារ្យមួយទៀតហើយក្នុងអាជីពប្រដាល់របស់ខ្លួន បន្ទាប់ពីផ្តួលអ្នកលេងគុនចម្រុះឥណ្ឌា Kantharaj Agasa “Kannadiga” នៅព្រឹត្តិការណ៍ ONE: FULL BLAST។
Xie បានបង្កើតកំណត់ត្រាបញ្ឈប់ដៃគូលើកទី៧ ក្នុងចំណោមជ័យជម្នះទាំង៧លើករបស់ខ្លួននៅពេលដៃគូ Agasa មិនអាចធ្វើអ្វីបានលើរូបគេឡើយសម្រាប់ការប្រកួតគុនចម្រុះកាលពីថ្ងៃសុក្រ ទី២៨ ខែឧសភាកន្លងទៅនេះនៅសង្វៀន Singapore Indoor Stadium។
វាតែងតែជាប្រវត្តិនៃក្បាច់វ៉ៃពិសេសពីរនៅពេលអ្នកពូកែកណ្តាប់ដៃបានជួបនឹងអ្នកជំនាញក្បាច់ក្រោម ហើយ Agasa បានផ្តោតសំខាន់លើជំនាញក្រោមរបស់ខ្លួន។ Xie បានជួបបញ្ហាស្មុគស្មាញនៅទឹកទី១ នៅពេលអ្នកលេងគុនចម្រុះឥណ្ឌាបានព្យាយាមសម្រុកចូល និងចាប់បោកផ្តួលជាបន្តបន្ទាប់។ យ៉ាងណា កីឡាករចិនរហស្សនាម អ្នកប្រមាញ់មានក្បាច់ទប់ទល់ និងការពារបានយ៉ាងល្អ។
ភាពមាំមួន និងការពារបានល្អជំរុញឲ្យអ្នកលេងគុនចម្រុះហាក់ខ្លាចញញើត ដោយមិនហ៊ានសម្រុកចូលចាប់ផ្តេសផ្តាសទៀតទៀតទេ។ តាមរយៈទប់ស្កាត់ក្បាច់ក្រោមរបស់ដៃគូបានល្អ Xie បានចាប់ផ្តើមប្រើជំនាញរបស់ខ្លួនគឺទាត់ និងកណ្តាប់ ថែមទាំងកែងដែលដាក់សម្ពាធឲ្យកីឡាករមកពីខេត្ត Bangaloreបានព្យាយាមថយក្រោយ។
រាល់ពេលដែល Xie បានដាក់សម្ពាធ រូបគេបានចេញកណ្តាប់ដៃឆ្វេងស្តាំៗប្រកបដោយប្រសិទ្ធភាព ហើយក៏ទាត់ថែមទាំងទៀត ពេលនោះ Agasa កាន់តែព្យាយាមថយក្រោយ និងប៉ុនបង់ចាប់ផ្តួលម្តងម្កាលប៉ុណ្ណោះ តែមិនមានប្រសិទ្ធភាព។
ស្របពេលជាមួយនឹងជំនឿចិត្តកាន់តែខ្ពស់ក្នុងការប្រកួតនេះ នៅទឹកទី២ អ្នកលេងគុនចម្រុះជំនាញកណ្តាប់ដៃចិនបានបង្កុះភ្លៀងកាន់តែខ្លាំងដោយបានប្រើជង្គង់ហោះថែមទៀត។ ការប្រើជង្គង់ហោះពិតជាធ្វើឲ្យរូបគេមានប្រសិទ្ធភាពដែលធ្វើឲ្យកីឡាករឥណ្ឌាព្យាយាមរត់គេចស្ទើរពេញសង្វៀន។
តាមរយៈជង្គង់ហោះ និងកែងជាបន្តបន្ទាប់នោះហើយធ្វើឲ្យកីឡាករឥណ្ឌាទទួលរងយ៉ាងដំណំនៅចុងទឹកទី២ ប៉ុន្តែត្រូវបានស្នូរជួរបន្លឺឡើងដើម្បីបញ្ចប់ទឹកទី២។ នៅពេលឈប់សម្រាកនៅទឹកទី២ ក្រុមការងារកីឡាករឥណ្ឌា និងអាជ្ញាកណ្តាលពិនិត្យឃើញថា Agasa មានរបួសខ្លាំងធ្ងន់ធ្ងរហើយក៏បញ្ឈប់ការប្រកួតតែម្តងដើម្បីផ្តល់ឲ្យកីឡាករចិនរូបនេះឈ្នះដោយបញ្ឈប់ដៃគូលើកទី៧ក្នុងអាជីព។
វាជាជ័យជម្នះដ៏ពិសេសមួយទៀតសម្រាប់ Xie បន្ទាប់ពីបានផ្តួលអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា កាលពីខែធ្នូ ចុងឆ្នាំ២០២០។ រហូតដល់ពេលនេះ កំណត់ត្រារបស់កីឡាករចិនឈ្នះ ១៣ដង និងចាញ់៣ដង។
អ្វីដែលកាន់តែអស្ចារ្យទៀតនេះ ជ័យជម្នះលើដៃគូខ្លាំងៗជាបន្តបន្ទាប់បានផ្តល់ឲ្យរូបគេកាន់តែមានពន្លឺក្នុងការឆ្ពោះទៅរកឱកាសប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ខណៈរូបគេបានប្តេជ្ញាក្លាយជាកីឡាករចិនទី១ឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោក៕