ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាល ២០២០/២១ បានបញ្ចប់ទៅសព្វគ្រប់អស់ហើយ ដោយជាលទ្ធផលកាលពីចុងសប្តាហ៍គឺក្លឹបតោខៀវ Chelsea បានយកឈ្នះ ១-០ ទៅលើក្លឹបមេឃខៀវ Man City ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅឯកីឡដ្ឋានប្រទេសព័រទុយហ្គាល់។
ក៏មានសំណួរពីអ្នកគាំទ្រមួយចំនួនបានចោទសួរមកកាន់ទំព័រ CTS Sports ថាតើការដែល Chelsea ឈ្នះពានរង្វាន់ UCL ថ្មីៗនេះ ពួកគេទទួលបានប្រាក់រង្វាន់ប៉ុន្មានបើសរុបតាំងពីវគ្គចែកពូលរៀងមក ហើយក្រុមឈរជើងឯករង Man City ទទួលបានលើសខ្វះគ្នាប៉ុន្មាន?
មុនឈានដល់ការប្រៀបធៀបទំហំប្រាក់រង្វាន់រវាងក្រុមទាំងពីរ ជាដំបូងយើងបង្ហាញពីប្រាក់ដែលក្រុមទាំងអស់អាចទទួលបាននៅកម្រិតប្រកួតវគ្គនីមួយៗ ពីវគ្គចែកពូលមកដល់វគ្គផ្ដាច់ព្រ័ត្រសិន៖ (បញ្ជាក់ ១ អឺរ៉ូ = ១,២ ដុល្លារ)
មានឈ្មោះលេងនៅវគ្គចែកពូលទទួលបាន ១៥,២៥ លានអឺរ៉ូ
ស្មើ ១ ប្រកួតនៅវគ្គចែកពូលទទួលបាន ៩០០ ០០០ អឺរ៉ូ
ឈ្នះ ១ ប្រកួតនៅវគ្គចែកពូលទទួលបាន ២,៧ លានអឺរ៉ូ
ឈ្នះនៅវគ្គ ១៦ ក្រុម បាន ៩,៥ លានអឺរ៉ូ
ឈ្នះនៅវគ្គ ៨ ក្រុម បាន ១០,៥ លានអឺរ៉ូ
ឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាន ១២ លានអឺរ៉ូ
តំណែងជើងឯករងវគ្គផ្តាច់ព្រ័ត្របាន ១៥ លានអឺរ៉ូ
តំណែងជើងឯងវគ្គផ្តាច់ព្រ័ត្របាន ១៩ លានអឺរ៉ូ
តាមការបូកសរុបទំហំប្រាក់រង្វាន់ខាងលើ ប្រសិនក្លឹបណាមួយអាចទទួលជ័យជម្នះគ្រប់ការប្រកួតទាំងអស់តាំងពីវគ្គចែកពូលមក នោះពួកគេនឹងទទួលបានប្រាក់រង្វាន់សរុប ៨២,៤៥ លានអឺរ៉ូ ឬខ្ទង់ ១០០ លានដុល្លារអាមេរិក។
យ៉ាងណាសម្រាប់ Chelsea ដែលជាក្រុមឈ្នះជើងឯក កាលពីវគ្គចែកពូលពួកគេឈ្នះ ៤ ស្មើ ២ អ៊ីចឹងបូកមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺទទួលបានសរុប ៧៨,៨៥ លានអឺរ៉ូ។ ខណៈដែល Man City ឈ្នះ ៥ ស្មើ ១ នៅវគ្គចែកពូល ក៏នាំឲ្យប្រាក់រង្វាន់សរុបនាមជាក្រុមជើងឯករងទទួលបាន ៧៦,៦៥ លានអឺរ៉ូ។
ប៉ុន្តែសម្រាប់ Chelsea មិនទាន់អស់ឱកាសកើបលុយធំនោះទេ ដោយពួកគេនៅសល់ក្តីសង្ឃឹមដណ្តើមយកពាននិងប្រាក់រង្វាន់ ៥ លានអឺរ៉ូផ្សេងទៀត ប្រសិនអាចបន្តឈ្នះនៅពាន UEFA Super Cup ដែលលេងនៅពាក់កណ្តាលខែសីហា ដោយក្រុមរបស់លោក Thomas Tuchel ត្រូវជួបក្រុមលោក Unai Emery គឺ Villarreal ដែលជាម្ចាស់ជើងឯក Europa League រដូវកាលតែមួយ។ ក្នុងករណីដែល Chelsea ចាញ់ នោះទទួលបានត្រឹម ៣,៨ លានអឺរ៉ូប៉ុណ្ណោះ។
យ៉ាងណាទំហំប្រាក់រង្វាន់នេះ បើធៀបនឹងព្រឹត្តិការណ៍ Europa League ដែលជាពានលំដាប់ទី ២ នៅអឺរ៉ុបបន្ទាប់ពី Champions League គឺប្រាក់រង្វាន់មានគម្លាតខុសគ្នាឆ្ងាយ។ ដោយក្រុមឈ្នះជើងឯករងនៅ UEL បាន ៤,៥ លានអឺរ៉ូ ខណៈក្រុមឈ្នះជើងឯកបាន ៨,៥ លានអឺរ៉ូ ហើយបើសរុបក្រុមដែលលេងល្អបំផុត ដោយឈ្នះតាំងពីវគ្គ ៣២ ក្រុមមក គឺអាចទទួលបានសរុប ត្រឹមតែ ១៩,៥ លានអឺរ៉ូប៉ុណ្ណោះ ពោលខុសគ្នាធៀបនឹង UCL ចូល ១ ទ្វេជា ៣។
គួររំឭកថាទំហំប្រាក់រង្វាន់នេះ បើតាមរបាយការណ៍ពី The Times ចុះផ្សាយថា UEFA អាចនឹងធ្វើការកាត់បន្ថយនៅឆ្នាំបន្ទាប់ ដោយសារតែការផ្ទុះជំងឺរាតត្បាត COVID-19 ធ្វើឲ្យហិរញ្ញវត្ថុមានការធ្លាក់ចុះ។ ប៉ុន្តែក្រោយមានរឿងរកាំរកូសដែលគម្រោងថ្មីនៃពាន ESL គ្រោងបង្កើតឡើង ក៏នាំឲ្យ UEFA ផ្លាស់ប្ដូរចិត្តវិញ ពោលគឺនឹងបន្តឲ្យទំហំប្រាក់រង្វាន់នៅថេរ ឬឡើងខ្ពស់ជាងនេះក៏ថាបាន៕
ប្រភព៖ Goal