នៅ Champions League រដូវកាល ២០២០/២១ ក្លឹបបារាំង Paris Saint-Germain បានតតាំងឡើងមកដល់ត្រឹមវគ្គ ៤ ក្រុមចុងក្រោយ ដោយទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្លឹបអង់គ្លេស Manchester City។ មុនការប្រកួតប៉ុន្មានម៉ោងក្លឹបមានមូលដ្ឋានក្នុងទីក្រុងប៉ារីស ក៏បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកលើគណនី Instagram ដោយមានទាំងរូបភាពកីឡាករ ក៏ដូចជាវីដេអូខ្នាតខ្លីដែលបង្ហាញពីបណ្ដុំអ្នកគាំទ្រនៅទូទាំងសកលលោក។
ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល នោះគឺនៅក្នុងចំណោមរូបភាពអ្នកគាំទ្រជាង ១០០ សន្លឹកដែលគណនីផ្លូវការរបស់ PSG បានបង្ហោះកាលពីថ្ងៃទី ៥ ឧសភា ក៏ប្រទះឃើញរូបភាពរបស់អ្នកគាំទ្រនៅកម្ពុជាយើងមួយរូបដែរ ដោយនេះរាប់បានថាគឺជាលើកដំបូង និងជាមោទនភាពថ្មីមួយតំណាងឲ្យអ្នកគាំទ្រក្លឹបយក្សបារាំងទាំងអស់ទូទាំងប្រទេសកម្ពុជា។
ក្រោយលឺនូវដំណឹងគួរឲ្យចាប់អារម្មណ៍នេះភ្លាម ទំព័រ CTS Sports ក៏ប្រញាប់ធ្វើការទាក់ទងទៅអ្នកគាំទ្រកម្ពុជារូបនោះ ដើម្បីពាំនាំនូវរឿងរ៉ាវខ្លះៗ និងដំណើរដើមទងដែលកញ្ញាបានគាំទ្រក្លឹប PSG មកចែកជូនអ្នករាល់គ្នាឲ្យបានដឹង។
អ្នកគាំទ្រខាងលើដែលក្លឹប PSG បានជ្រើសយក គឺជាយុវតីវ័យ ១៧ ឆ្នាំ ដែលមានឈ្មោះ ទុំ ស៊ីវមិញ ហើយសព្វថ្ងៃក៏ជាកីឡាការនីបាល់ទាត់មួយរូបដែរ នៅឯទីរួមខេត្តកំពង់ធំ។ ប្រាប់មកកាន់ CTS Sports កីឡាការនីដែលលេងនៅតំណែងជាអ្នកចាំទីរូបនេះ បាននិយាយថា៖ “ខ្ញុំផ្តើមគាំទ្រក្លឹប PSG អស់រយៈពេល ៣ ឆ្នាំហើយ ដោយកីឡាករដែលខ្ញុំពេញចិត្តបំផុតនៅទីនោះគឺ Marquinhos ព្រោះគាត់ជាប្រធានក្រុម ដែលតែងតែលើកទឹកចិត្តដល់សមាជិកក្នុងក្រុម ហើយក៏ជាខ្សែការពារដ៏ល្អមួយរូបផងដែរ ផ្សេងពីនេះទៀតគឺមានដូចជា Navas, Icardi, Di Maria, Mbappe និង Neymar”។
សួរនាំពីចំណាប់អារម្មណ៍ក្រោយត្រូវបានក្លឹបយក្សបារាំងជ្រើសយករូបភាពខ្លួន ទៅបង្ហោះលើ Instagram ដែលមាន Follower ជាង ៣៥ លាននាក់ និង Facebook ជាង ៤៣ លាននាក់ កញ្ញាបានបន្ថែមទៀតថា៖ “ខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល ហើយក៏រំភើបខ្លាំងណាស់ដែរ ក្នុងនាមជាអ្នកគាំទ្រមួយរូបដែលត្រូវបានក្លឹប PSG ទទួលស្គាល់ និងមានរូបភាពនៅក្នុងវីដេអូខ្លីនោះ”។
បន្តទៅសំណួរចាក់ដោតមួយផ្សេងទៀត ទាក់ទិននឹងបរាជ័យរបស់ PSG នៅវគ្គ ៤ ក្រុមកាលពីពេលកន្លងទៅ យុវតីដ៏ស្រស់ស្អាតខាងលើក៏សង្កត់ធ្ងន់ថា៖ “PSG គួរតែបំប៉នតំបន់ការពារឲ្យកាន់តែល្អជាងនេះ ហើយនៅជើងទី ២ ហេតុផលដែលក្រុមធ្លាក់ក៏ដោយសារអវត្តមាន Mbappe តែយ៉ាងណាទម្រង់លេងរបស់ក្រុមមើលឃើញថាមានការកើនឡើងមួយកម្រិតទៀតហើយនៅពេលចុងក្រោយ”។
ជាសារផ្តាំផ្ញើទៅអ្នកគាំទ្រកីឡាបាល់ទាត់ និងយុវជនយុវនារីទាំងអស់នៅកម្ពុជា ស៊ីវមិញ បញ្ចប់ការផ្ដល់បទសម្ភាសន៍បែបនេះថា៖ “ខ្ញុំចង់ឲ្យគ្រប់គ្នាចូលរួមលេងកីឡា ហើយជាពិសេសគឺកីឡាបាល់ទាត់ ដែលវានាំមកនូវមិត្តភាព និងសុខភាពល្អ ហើយក៏អាចទាញចិត្តយើងឲ្យជៀសឆ្ងាយពីគ្រឿងញៀន”៕