ជើងឯកពិភពលោក ONE Light Heavyweight កីឡាករមីយ៉ាន់ម៉ា Aung La “The Burmese Python” N Sang ពិតជារីករាយណាស់ដែលរូបគេមានឱកាសជួបសងសឹកសត្រូវចាស់នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសាខាងមុខ។
ជើងឯកពិភពលោក Aung La N Sang ដើមឡើយត្រូវបានផ្គូផ្គងឲ្យជួបដៃគូចាស់ដែរដែលជាអតីតជើងឯកពិភពលោក ONE Middleweight កីឡាករ Vitaly Bigdash ក្នុងជួបលើកទី៣ដែលនឹងផ្សាយផ្ទាល់ទៅកាន់ទឹកដីអាមេរិកម៉ោងពិសេស។
ប៉ុន្តែការប៉ុនប៉ងជួបគ្នាលើកទី៣ជាមួយកីឡាកររស្ស៊ីត្រូវបានអាក់ខានវិញ ដោយសារដៃគូចាស់ម្នាក់នេះបានដកខ្លួនដោយសារបញ្ហាកូវីដ-១៩ដែលមិនអាចចេញទៅប្រកួតនៅព្រឹត្តិការណ៍ “ONE on TNT IV” សម្រាប់តំណែងគូឯក។
ជំនួសមកវិញនូវកីឡាករជាជើងឯកពិភពលោក ONE Middleweight និងមិនទាន់ស្គាល់បរាជ័យមកពីប្រទេសហុល្លង់ Reinier “The Dutch Knight” De Ridder។
កាលពីខែតុលា ឆ្នាំ២០២០ ជើងខ្លាំង Ridder យកខ្សែក្រវាត់ពិភពលោកបាន១គ្រឿងមកគ្រប់គ្រង បន្ទាប់ពីបានប្រកួតជាមួយជើងឯកពិភពលោកខ្សែក្រវាត់២គ្រឿង Aung La N Sang។
ការប្រកួតពេលនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកជំនាញក្បាច់ក្រោមហុល្លង់ប្រើយ៉ាងខ្លីដើម្បី រឹត-កកីឡាកររហស្សនាម“ពស់ថ្លានភូមា”ឲ្យគោះដៃសុំចុះចាញ់ក្នុងទឹកទី១ ទាំងដែលអ្នកទាំងពីរមិនទាន់បញ្ចេញសមត្ថភាពអស់ផង។
ទោះជាយ៉ាងណា ជើងខ្លាំងទាំងពីរមានឱកាសជួបគ្នាសាជាថ្មីដោយជើងខ្លាំង De Ridder នឹងព្យាយាមបញ្ចប់ជើងខ្លាំងមីយ៉ាន់ម៉ាដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោកទី២ ប៉ុន្តែម្ចាស់ខ្សែក្រវាត់ Aung La N Sang នឹងប្រឹងការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួន ក៏ដូចជាសងសឹកឲ្យបានសម្រេចដើម្បីផ្តល់ពាក្យថា បរាជ័យដល់កីឡាករហុល្លង់។សូមទស្សនាព្រឹត្តិការណ៍ប្រកួត “ONE on TNT IV” ផ្សាយផ្ទាល់ព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីឲ្យដឹងច្បាស់ថា នរណាជាអធិរាជសង្វៀនទម្ងន់ធ្ងន់ពិតប្រាកដ៕