ម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Lightweight កីឡាករ Regian “The Immortal” Eersel និងអ្នកដណ្តើមចំណាត់ថ្នាក់លេខ២ Mustapha “Dynamite” Haida ត្រូវជួបគ្នាក្នុងសមរភូមិ ONE: FISTS OF FURY III ដែលជំនួបរបស់ពួកគេគួរឲ្យចាប់អារម្មណ៍ខ្លាំង។
នៅពេលសមរភូមិដណ្តើមខ្សែក្រវាត់ត្រូវចាក់ផ្សាយថ្ងៃសុក្រ ទី១៩ ខែមីនា ខាងមុខនេះ អ្នកគាំទ្រពិតជារំពឹងទុកថា នឹងបានឃើញផ្ទាំងទស្សនីយភាពប្រយុទ្ធដ៏អស្ចារ្យតាំងពីនាទីដំបូងរហូតដល់ចុងបញ្ចប់។
មុនការប្រកួតមកដល់ យើងខ្ញុំសូមលើកយកគន្លឹះសំខាន់៤យ៉ាងដែលជាស្នៀតយកជ័យជម្នះលើដៃគូក្នុងជំនួបដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកនៅកីឡដ្ឋាន Singapore Indoor Stadium។
ការដាក់គំនាបដ៏ឆ្លាតវៃរបស់ Eersel
ម្ចាស់ខ្សែក្រវាត់ជាកីឡាករដែលមានក្បាច់វ៉ៃដាក់គំនាបឥតឈប់ឈរ។ ស្នៀតនេះបានធ្វើឲ្យគាត់ក្លាយជាអ្នកប្រយុទ្ធសកម្មខ្លាំងជាងប្រតិកម្មដែលបង្ខំឲ្យដៃគូចូលទៅក្នុងក្បាច់របស់គាត់។
ស្នៀតដែលមានប្រសិទ្ធភាពខ្លាំងនៅក្នុងក្បាច់វ៉ៃរបស់ Eersel គឺសមត្ថភាពដាក់សម្ពាធដៃគូ រួចវ៉ៃសន្ធាប់ដោយកណ្តាប់ដៃដ៏ល្អរបស់គេ។
កីឡាករហុល្លង់កំណើតសូរីណាមប្រើប្រាជ្ញាដើម្បីស្វែងរកចន្លោះប្រហោង ហើយក៏វ៉ៃលុកដោយកណ្តាប់ដៃឆ្វេង ព្រមជាមួយនឹងគោលជំហរការពារ និងបំលាស់ទីយ៉ាងលឿន។
នៅពេលដៃគូកំពុងមានអារម្មណ៍ច្របូកច្របល់ចំពោះក្បាច់វ៉ៃរបស់គាត់ ហើយមើលទៅដូចជាមិនច្បាស់អ្វីមួយឲ្យប្រាកដ ហើយដៃគូបានដើរទៅរក។ ពេលនោះហើយជាពេលដែលដៃគូចូលទៅក្នុងការបញ្ឆោតរបស់គាត់ និងទទួលរងព្យុះភ្លៀងទាំងកណ្តាប់ដៃ និងទាត់ដែលស័ក្តិសមជាម្ចាស់ខ្សែក្រវាត់។
កណ្តាប់ដៃរន្ទះរបស់ Haida
កីឡាកររហស្សនាម “Dynamite”មានគោលជំហរវ៉ៃឆ្ពោះទៅមុខជានិច្ច និងមិនមែនដើរទៅឲ្យគេវ៉ៃទេ ប៉ុន្តែទៅជាមួយអាវុធចេញទាំងព្រម។
ក្នុងនាមជាកីឡាករវ៉ៃជំហរឆ្វេង រូបគេរីករាយឲ្យដៃគូដើរសម្រុកចូលដើម្បីបានចេញកណ្តាប់ដៃវ៉ៃសន្ធាប់។ នៅពេលពួកគេព្យាយាមបោះជំំហានទៅវ៉ៃលុក Haida មានស្នៀតការពារខ្លួនយ៉ាងល្អ និងអាចវ៉ៃសងវិញបានយ៉ាងគ្រោះថ្នាក់ទាំងដៃឆ្វេង និងជើងឆ្វេង។
ក្រៅពីកណ្តាប់ដៃវ៉ៃចេញដូចរន្ទះ រូបគេក៏មានកម្លាំងស៊ុហ្វអាចវ៉ៃបានពេញល្អទាំង៥ទឹក និងមានចលនាផ្លាស់ទីបានយ៉ាងលឿន។
ជង្គង់ហោះរបស់ម្ចាស់ខ្សែក្រវាត់
Eersel តែងតែមានប្រៀបលើដៃគូតាមរយៈកម្ពស់ដែលជាអំណោយផលពីធម្មជាតិ និងជាលក្ខណៈពិសេសដែលរូបគេអាចប្រើជង្គង់ហោះបានយ៉ាងល្អ។
រាល់ការប្រកួតនីមួយៗ ជើងខ្លាំងរហស្សនាម “The Immortal”តែងតែយកជង្គង់ហោះជាអាវុធសំខាន់មួយដើម្បីដាក់គំនាបលើដៃគូ។ ដោយមានកម្ពស់១.៨៩ម៉ែត្រ កីឡាកររបស់ក្លឹប Sityodtong Amsterdam តែងតែឆ្លៀតចេញជង្គង់ហោះជារឿយៗ ហើយដៃគូក៏មិនតិចទេដែលភ្ញាក់ផ្អើលនឹងជង្គង់ហោះបុកទៅមុខ ឬក្បាលរបស់ពួកគេ។
ជង្គង់ហោះរបស់ Eerselពិតជាមានប្រសិទ្ធភាពណាស់។ ជាក់ស្តែងរូបគេបានផ្តួលកីឡាករ Nieky “The Natural” Holzken ដើម្បីទទួលបានខ្សែក្រវាត់ពិភពលោក។
ពេលនេះ រូបគេមានឱកាសប្រើជង្គង់ហោះទៀតហើយ។ ចាំមើលដៃគូរបស់គេអាចទប់ទល់នឹងជង្គត់ឥតស្រមោលរបស់គេបានអត់។
អាវុធវ៉ៃសកលឥតស្រមោលរបស់អ្នកប្រជែង
នៅពេលជង្គង់ហោះរបស់ដៃគូជាអាវុធសម្លាប់ដ៏គ្រោះថ្នាក់ អ្នកឡើងមកដណ្តើមខ្សែក្រវាត់ក៏មិនដំឡូងមូលនោះទេ ប៉ុន្តែជំនាញវ៉ៃសកលរបស់គាត់ជាអាវុធប្រចាំត្រកូលទៅហើយ។
ដៃគូជាច្រើននាក់ហើយដែលបានដេកសន្លប់ដោយសារកណ្តាប់ដៃរបស់ Haida រាប់បញ្ចូលទាំងDaniel “The Rock” Dawson នៅព្រឹត្តិការណ៍ ONE: BEYOND THE HORIZON ជាដើម ហើយ Eersel ត្រូវតែប្រុងប្រយ័ត្នកណ្តាប់ដៃវ៉ៃបែបសកលរបស់គាត់។
កីឡាកររហស្សនាម “Dynamite” ចេញកណ្តាប់ដៃបានល្អណាស់ ជាពិសេសរូបគេអាចប្រើបានល្អទាំងនៅពេលកៀកគ្នាទៀតផង។
ចាំមើល Haida អាចប្រើជំនាញវ៉ៃសកលផ្តួលអ្នកពូកែជង្គង់ហោះដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មីឬទេ?