“Mighty Warrior” Kang Ji Won ធ្វើបានល្អបំផុតទល់នឹង Amir Aliakbari ក្នុងនាមជាគូឯកនៃព្រឹត្តិការណ៍។
តារាកូរ៉េមិនដែលចាញ់សោះបានផ្ដួល Aliakbari ត្រឹមនាទីទី ១:៥៤ នៃទឹកទី១ មិនដល់ ២នាទីផង នាយប់ថ្ងៃសុក្រទី ៥ មីនា នេះនៅសង្វៀន ONE: FISTS OF FURY II នាកីឡដ្ឋាន Singapore Indoor Stadiumប្រទេសសិង្ហបុរី។
ជ័យជម្នះនេះស្រដៀងនឹងរូបគេធ្វើបានទល់កូនសិស្សមកពីក្លិប AAA Team កីឡាករ Mehdi Barghi កាលខែមុនអីចឹង។ “Mighty Warrior” ត្រូវជម្នះដើម្បីបន្តដំណើរឆ្ពោះទៅរកក្ដីស្រមៃរបស់ខ្លួន។គ្រាន់តែស្នូរជួងទឹកដំបូងចាប់ផ្ដើម “Mighty Warrior” បានជំហរថយមួយៗ ខណៈដែល Aliakbari ដើរចូលទៅមុខរហូតក្នុងបំណងប្រុងប្រើកណ្ដាប់ដៃផ្ដួលគូបដិបក្ខ។ ប៉ុន្តែ Kang បានដាក់គោលដៅដើម្បីស្វែងរកឱកាសច្បាស់ក្នុងការវាយបកដូចដែលបានគ្រោងទុក។ លុះដល់ក្បែររេញ Kang រង់ចាំពេលវេលាដ៏ត្រឹមត្រូវមិនដល់ ២ នាទីឡើយដែលប្រើកណ្ដាប់ដៃឆ្វេងចំគំថ្គាម និងថែមដៃស្ដាំមួយពីរទៀត ធ្វើឲ្យកីឡាករអ៊ីរ៉ង់ដួលលើក្ដាររេញ។ យ៉ាងណាក្ដី លោកអាជ្ញាកណ្ដាល Olivier Coste ហក់ទៅឃាត់ត្រឹមនាទីទី ១:៥៤ មិនឲ្យ Kang ថែមទៀតឡើយ។
Kang បានថ្លែងឲ្យដឹងថា ៖«ខ្ញុំពិតជាគ្មានពាក្យអ្វីក្រៅពីពាក្យថា ខ្ញុំសប្បាយចិត្តណាស់ក្នុងការប្រកួតនេះ។ Aliakbari ដើរសម្លឹងមើលមកខ្ញុំរហូត ហើយខ្ញុំបានរៀបចំស្នៀតការពារ និងវាយបកទៅវិញ។ ពេលខ្ញុំមានឱកាសខ្ញុំអាចប្រើកណ្ដាប់ឆ្វេង និង ថែមស្ដាំមួយពីរបានល្អ ដែលគេមិនអាចតដៃបានទេ»។
កើនកំណត់ត្រាឈ្នះ ៥ លើកជាប់គ្នាមិនដែលចាញ់ និងផ្ដួលគូប្រកួតឲ្យសន្លប់ទឹកទី១ ទាំង ៥ លើក។ គេឈ្នះពីរលើកជាប់គ្នានៅសង្វៀន ONE Championship ទល់នឹងកូនសិស្សមកពីក្លិប AAA Team ។
ខណៈដែល ខ្សែក្រវាត់ ONE Heavyweight World Champion របស់ Brandon “The Truth” Vera មិនទាន់ត្រូវបានគេដណ្ដើម “Mighty Warrior” ជាការគំរាមកំហែងមួយដល់ម្ចាស់ខ្សែក្រវាត់រូបនេះ។
ក្រោយជ័យជម្នះនេះតារាកូរ៉េត្រូវគេជឿថាអាចឡើងជួប ម្ចាស់ជើងឯក Brazilian Jiu-Jitsu World Champion ១៣សម័យ Marcus “Buchecha” Almeida នៅសង្វៀន “ONE on TNT II” នាថ្ងៃទី ១៤ មេសា ខាងមុខ។