Arsene Wenger បានទៅដល់ប្រទេសលីបេរីយ៉ាហើយ ដើម្បីទទួលពានរង្វាន់កិត្តិយសមួយ ពីប្រធានាធិបតីប្រទេសនេះ ដែលជាអតីតកីឡាករបាល់ទាត់មួយរូប។
លោក George Weah ដែលជាប្រធានាធិបតីប្រទេសលីបេរីយ៉ាបច្ចុប្បន្ននេះ គឺជាអតីតកីឡាករបាល់ទាត់មួយរូប។ កាលពី៣០ឆ្នាំមុន លោកត្រូវបានលោកWenger ចុះកុងត្រាយក អំឡុងពេលនៅដឹកនាំក្រុម Monaco ។
ដោយឡែកនេះ លោក Weah ក៏បានអញ្ជើញលោក Wenger មកប្រទេសលីបេរីយ៉ា វិញ ក្នុងន័យទទួលពានរង្វាន់កិត្តិយសពីប្រទេសនេះផ្ទាល់តែម្ដង។ ការអញ្ជើញមកនេះដែរ គឺលោក Weah បានចាត់ទុកអតីតអ្នកចាត់ការក្រុម Arsenal ដូចទៅនឹងឪពុកម្នាក់អីចឹង ដោយលោកបានបញ្ជាក់ថាប្រសិនបើមិនមាន Wenger ទេ លោកក៏គ្មានថ្ងៃនេះដែរ។
George Weah ជាខ្សែប្រយុទ្ធមួយរូប ដែលលេងឱ្យ Monaco បាន៤រដូវកាល និងរកគ្រាប់បាល់បានច្រើនផងដែរ។ បទពិសោធកីឡាករច្រើនក្លឹប និងលេងឱ្យជម្រើសជាតិលីបេរីយ៉ា ៦០ប្រកួត មាន២២គ្រាប់មក រូបលោកក៏បានជាប់ឈ្មោះជាប្រធានាធិបតីលីបេរីយ៉ាកាលពីឆ្នាំមុនតែម្ដង៕ប្រភព៖ dailymail