West Ham បានសម្រេចការចុះហត្ថលេខានាំយក Jesse Lingard ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Man Utd ដល់បញ្ចប់រដូវកាល ២០២០/២១ នេះ។
Lingard គេបានចូលរួមលេងឲ្យ United ច្រើនជាង ២០០ ប្រកួត និងកន្លងមកក៏ធ្លាប់ខ្ចីជើងទៅក្លឹបមួយចំនួនផងដែរ តែនៅរយៈពេលចុងក្រោយគេនៅតែមិនអាចបង្ហាញពីសមត្ថភាពគួរឲ្យចាប់អារម្មណ៍ ទើបក្លឹបសម្រេចដាក់ឲ្យគេខ្ចីជើងរយៈពេលខ្លីបន្ថែមទៀត។
ដោយឡែកសម្រាប់កីឡាករអង់គ្លេសដែលប្រើប្រាស់អាវលេខ ១៤ នៅ Old Trafford សម្រាប់ការផ្ទេរមក West Ham សារនេះ គឺគេសម្រេចប្រើប្រាស់អាវលេខ ១១។ ថ្លែងប្រាប់ West Ham TV កីឡាករ Lingard និយាយ៖ “ខ្ញុំពិតជារំភើប ជាមួយការបោះជំហានថ្មីក្នុងជីវិតរបស់ខ្ញុំ ដោយគ្មានអ្វីដែលអាចធានាបាននោះទេ តែខ្ញុំមកទីនេះគឺដើម្បីជួយក្រុមនិងពាំនាំនូវបទពិសោធន៍ថ្មី តាមរយៈការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ខ្ញុំ”។
គេបន្ថែមទៀតថា៖ “គោលដៅចម្បងបំផុត គឺខ្ញុំគ្រាន់តែចង់រីករាយនឹងការលេងបាល់ទាត់សារជាថ្មី ហើយអាចមានពេលវេលាលើទីលានម្តងទៀត”។ រំឭកថារដូវកាល ២០២០/២១ ជាមួយ Man Utd ខ្សែបម្រើរូបនេះ ចូលរួមលេងបានតែ ២ ប្រកួតនៅ League Cup និង ១ ប្រកួតនៅ FA Cup ប៉ុណ្ណោះ ហើយនៅ PL គឺគ្មានសូម្បីមួយ៕
ប្រភព៖ Football.London