នៅការប្រកួតជុំទី ១៩ កាលពីយប់មិញ ក្លឹប Real Madrid បានយកឈ្នះ ៤-១ ទៅលើម្ចាស់ផ្ទះ Alaves ហើយ ៣ ពិន្ទុដ៏សំខាន់នោះបានរុញឲ្យក្រុមដឹកនាំដោយលោក Zinedine Zidane មាន ៤០ ពិន្ទុបន្ថយគម្លាតមកសល់ ៤ ពិន្ទុធៀបនឹងក្រុមឈរកំពូលតារាង Atletico Madrid (សល់ ២ ជុំ)។
ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋានរបស់ Alaves បានកើតមានគ្រាប់បាល់បើកឆាកនៅនាទីទី ១៥ ធ្វើបានដោយកីឡាករ Casemiro មុនពេលខ្សែប្រយុទ្ធ Karim Benzema បន្ថែមគ្រាប់បាល់ទី ២ ហើយដល់នាទី ៤៥+១ មិត្តរួមក្រុម Eden Hazard ក៏រកបានគ្រាប់បាល់ទី ៣ នាំមុខដាច់ឆ្ងាយ។
រហូតចូលដល់តង់ទីពីរ Alaves ក៏មានឱកាសតាមមួយគ្រាប់វិញដែរ ធ្វើបានដោយកីឡាករ Joselu ប៉ុន្តែយកបានតែមួយគ្រាប់ហ្នឹងប៉ុណ្ណោះ ហើយមកដល់នាទី ៧០ Benzema គេបន្ថែមមួយគ្រាប់ទៀត រក្សាលទ្ធផល ៤-១ នឹងថ្កល់ដល់បញ្ចប់ ៩០ នាទី។
ទស្សនាវីដេអូខាងក្រោម៖
គួររំឭកថានេះគឺជាគ្រាប់បាល់ដំបូងសម្រាប់ Hazard ក្រោយខកខានធ្វើបានជិតរយៈពេលជាង ២ ខែឲ្យក្លឹប Real Madrid។ លើកចុងក្រោយដែលកីឡាករបែលហ្សិករកបានគ្រាប់បាល់គឺនៅចុងខែវិច្ឆិកា ពេលលេងប៉ះ Inter Milan ក្នុងវគ្គសន្សំពិន្ទុនៅ UCL៕