លោក Pep Guardiola បានអះអាងថាខ្សែប្រយុទ្ធ Sergio Aguero នឹងអវត្តមានសម្រាប់ការប្រកួតរវាងក្រុម Manchester City ទល់ក្រុម Brighton នៅយប់នេះ។
Aguero បានជាសះស្បើយពីរបួសពេញលេញហើយ ប៉ុន្តែរូបគេត្រូវនៅដោយឡែក១០ថ្ងៃទៀតសិន ក្រោយពីបានប៉ះពាល់ជាមួយអ្នកផ្ទុកមេរោគកូវីដ១៩។ ដោយការអវត្តមាននោះ នឹងធ្វើឱ្យរូបគេខកខានលេងដល់ទៅ៣ប្រកួតទៀតឯណោះ គិតចាប់ពីប៉ះក្រុម Brighton នៅរាត្រីនេះ ប៉ះក្រុម Crystal Palace និង Aston Villa ។
បើតាមលោក Pep អ្នកចាត់ការក្រុម Man City បញ្ជាក់ថាអវត្តមានខ្សែប្រយុទ្ធសំខាន់ខាងលើនេះ បានធ្វើឱ្យក្រុមរបស់លោកពិបាកក្នុងការស្វែងរកគ្រាប់បាល់នៅពេលកន្លង។ ខណៈដែលរដូវកាលនេះ កីឡាករវ័យ៣២ឆ្នាំនេះលេងបានតែ៣ប្រកួត រកបានតែ២គ្រាប់ទេ ក្រោយពីមានបញ្ហារបួស និងជាប់ពាក់ព័ន្ធកូវីដ១៩ជាប់ជាហូរហែមក៕
ប្រភព៖ DailyMail