ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំកិច្ចកុងត្រាផ្តល់ជូនប្រាក់ពលកម្មថ្មី សម្រាប់កីឡាករ Bruno Fernandes បន្ទាប់ពីគេប្រែក្លាយជាចំណែកខ្វះពុំបានរបស់ក្លឹបនៅរយៈពេលចុងក្រោយ។
កីឡាករព័រទុយហ្គាល់បានសម្របខ្លួននៅក្របខ័ណ្ឌ Premier League បានយ៉ាងឆាប់រហ័ស រហូតដល់អ្នកគាំទ្រខ្លះហៅគេថាជា “Ronaldo ថ្មី” នៅ Old Trafford ទៀតផង។ កីឡាករវ័យ ២៦ ឆ្នាំ ក្រោយបង្ហាញខ្លួនឲ្យ United ៣៨ ប្រកួត គេរកបានដល់ ២២ គ្រាប់និង Assist ១៤ លើកទៅហើយ។
ឆ្លើយតបនឹងភាពជោគជ័យនេះ ក្លឹប Man United ក៏នឹងផ្តល់ជូនប្រាក់ពលកម្មថ្មីសម្រាប់ Brunoដែលកើនឡើង ១ ទ្វេជា ២ ធៀបនឹងថ្លៃពលកម្មបច្ចុប្បន្ន ពោលគឺឡើងពី ១០០ ០០០ ផោន/សប្ដាហ៍ ទៅ ២០០ ០០០ ផោន/សប្ដាហ៍ សម្រាប់កុងត្រាដែលមានសុពលភាពដល់ឆ្នាំ ២០២៥។ នេះបើតាមសារព័ត៌មាន The Mirror បានចុះផ្សាយ។
បញ្ជាក់ថា ទំហំថ្លៃពលកម្ម ១០០ ០០០ ផោន ឬជាង ១៣៤ ០០០ ដុល្លាររបស់ Bruno សព្វថ្ងៃនេះ គឺទាបខ្លាំង បើធៀបនឹង Paul Pogba ដែលរកបាន ៣០០ ០០០ ផោន/សប្តាហ៍ រីឯ David de Gea ដែលជាកីឡាករទទួលបានថ្លៃពលកម្មខ្ពស់បំផុត គឺបានដល់ទៅ ៣៥០ ០០០ ផោន/សប្តាហ៍ឯណោះ៕