ជារៀងរាល់ឆ្នាំតែងតែមានការចែកនូវពានរង្វាន់បុគ្គលផ្សេងៗពីគ្នា ហើយនៅបាល់ទាត់លំដាប់ពិភពលោកអ្នកគាំទ្រប្រាកដជាស្គាល់នូវពានរង្វាន់ Ballon d’Or របស់ស្ថាប័ន France Football។
ដោយឡែកបើក្រឡេកមកក្នុងតំបន់អាស៊ីរបស់យើងឯណេះវិញ ចាប់តាំងពីឆ្នាំ ២០១៣ រៀងមក ស្ថាប័ន Titan Sports ក៏បានបង្កើតឡើងនូវពានរង្វាន់បុគ្គលសម្រាប់កីឡាករល្អបំផុតប្រចាំទ្វីបមួយផងដែរ។ ពាននោះឲ្យឈ្មោះថា “Best Footballer in Asia” ឬគេនិយមហៅថា “Ballon d’Or អាស៊ី” ប្រគល់ជូនកីឡាករអាស៊ីល្អបំផុតប្រចាំឆ្នាំនីមួយៗ។
ការបោះឆ្នោតជ្រើសរើសអ្នកឈ្នះ គឺធ្វើឡើងដោយស្ថាប័នសារព័ត៌មាននៅក្នុងតំបន់អាស៊ី និងមួយផ្នែកផ្សេងទៀតពីស្ថាប័នសារព័ត៌មានក្រៅតំបន់ (Non-AFC)។ ពួកគេមានសិទ្ធធ្វើការជ្រើសរើសកីឡាករ ៥ រូបដែលគិតថាល្អបំផុត ហើយដាក់ពិន្ទុទៅតាមចំណាត់ថ្នាក់ដោយអ្នកលេខ ១ បាន ៦ ពិន្ទុ និងអ្នកបន្ទាប់ដេញពិន្ទុគ្នាពី ៤,៣,២ និង ១។
ពានរង្វាន់បុគ្គលមួយនេះ នៅពេលដែលប្រកាសឲ្យដំណើរការលើកដំបូង គឺនៅឆ្នាំ ២០១៣ អ្នកឈ្នះបានទៅលើអតីតកីឡាករ Keisuke Honda ដែលបច្ចុប្បន្នលោកជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា។ នៅឆ្នាំនោះ Honda បម្រើការឲ្យក្លឹប CSKA Moscow នៅប្រទេសរុស្ស៊ី ហើយទទួលបានសំឡេងគាំទ្ររួម ១៣,៩ ភាគរយ។
លុះឆ្នាំក្រោយៗបន្តមកទៀត Son Heung-min បានវ៉ៃផ្តាច់ដល់ទៅ ៥ ឆ្នាំម្នាក់ឯង ហើយឈ្នះ ៣ ឆ្នាំជាប់គ្នារាប់ចាប់ពីឆ្នាំ ២០១៧,២០១៨ និង ២០១៩ ខណៈនៅឆ្នាំ ២០១៦ Son ឈរនៅលេខ ៣ រីឯអ្នកលេខ ១ បានទៅលើកីឡាករជប៉ុន Shinji Okazaki របស់ក្លឹប Leicester City៕
ប្រភព៖ Wikipedia