ជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនាប៉ះ​​ជើង​ខ្លាំង​គុន​ចម្រុះ​ចិន​ Xie Wei ក្នុងសង្វៀន ONE: COLLISION COURSE 

អ្នក​លេង​គុន​ចម្រុះ​ចំណាត់​ថ្នាក់​លេខ​១​កម្ពុជា​ ចាន់ រតនា​ នឹង​វិល​មក​កាន់​សង្វៀន​នា​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ​ បន្ទាប់​ពី​ខក​ខាន​ឡើង​សង្វៀន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដោយ​សារ​ការ​ផ្ទះ​ជំងឺ​ឆ្លង​ខូវិត-១៩។

ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភព​លោក​ ONE Championship ​បាន​ផ្គូផ្គង​ឲ្យ​ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា ត្រូវ​ជួប​នឹង​ជើង​ខ្លាំង​គុន​ចម្រុះ​ចិន​ Xie Wei សម្រាប់​ការ​ប្រកួត​​ក្នុង​ប្រភេទ​ទម្ងន់​ flyweight​ នៅ​​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE នៅ​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​ខាង​មុខ​នេះ​នៅ​​កីឡដ្ឋាន​ Singapore Indoor Stadium ប្រទេស​សិង្ហបុរី។

ក្នុង​ព្រឹត្តិការណ៍​ធំ​សំខាន់​នេះ គូ​ឯក​ប្រចាំ​រាត្រី​គឺ​ជើង​ខ្លាំង​ថៃ​ Nong-O Gaiyanghadao ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​របស់​ខ្លួន​ ONE Bantamweight ​ទល់​នឹង​មិត្ត​រួម​ជាតិ​ Rodlek PK.Saenchai Muaythaigym ដែល​ជា​អ្នក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ពី​ព្រឹត្តិការណ៍​ប្រកួត​ ONE Bantamweight Muay Thai Tournament

ចាន់ រតនា បាន​ក្លាយ​ជា​តារា​ប្រដាល់​លេច​ធ្លោ​របស់​ប្រទេស​កម្ពុជា​នៅ​ឆាក​អន្តរជាតិ​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​នៅ​ ONE។ ជា​មួយ​នឹង​កំណត់​ត្រា​ឡើង​សង្វៀន​គុន​ចម្រុះ​១០​ដង​គឺ​ឈ្នះ​៧​ និង​ចាញ់​៣។ ៣​លើក​ចុង​ក្រោយ​ រតនា បាន​ផ្តួល​កីឡាករ​ Abrou Fernanes និង​កីឡាករ​ Rudy Agustian ឲ្យ​ក្នុង​ទឹក​ទី​២​​ដូច​គ្នា​ មុន​ពេល​ឈ្នះ​ពិន្ទុ​កីឡាករ​ឥណ្ឌា​ Gustavo Balart

ចំណែក​កីឡាករ​ចិន​ Xie Wei ក៏​មាន​បទ​ពិសោធ​នៅ​លើ​សង្វៀន​គុន​ចម្រុះ​មិន​ចាញ់​អ្នក​លេង​គុន​ខ្មែរ​ដែរ​ពោល​គឺ​៨​ដង​ក្នុង​នោះ​ឈ្នះ​៥​ និង​ចាញ់​៣។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ កីឡាករ​ចិន​ម្នាក់​នេះ​បាន​បង្កើត​កំណត់​ត្រា​ឈ្នះ​ការ​ប្រកួត​៥​លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE ប៉ុន្តែ​លើក​ចុង​ក្រោយ​ចាញ់​កីឡាករ​ Danny Kingad ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT