Khaosai Galaxy ឬមានរហស្សនាម “Thai Tyson” ត្រូវបានគេស្គាល់ជាអតីតអ្នកប្រដាល់ថៃដ៏ល្បីឈ្មោះមួយរូបប្រចាំផ្ទៃប្រទេស ក្រោយពីឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA ១៩ លើក និងធ្លាប់ជាប់ឈ្មោះនៅលេខរៀងទី ១៩ ក្នុងទស្សនាវដ្ដី Ring Magazineនាមជាអ្នកប្រដាល់ប្រើប្រាស់កណ្ដាប់ដៃបានល្អបំផុតក្នុងលោក។
ឆ្លងកាត់អាជីពលើសង្វៀនរយៈពេលជាង ១០ ឆ្នាំ តើអ្នកប្រដាល់ល្បីឈ្មោះខាងលើមានប្រវត្តិជោគជ័យបែបណាខ្លះ? ទំព័រ CTS Sports សូមធ្វើការបង្ហាញដូចតទៅ៖
Khaosai កើតនៅថ្ងៃទី ១៥ ឧសភា ឆ្នាំ ១៩៥៩ មានស្រុកកំណើតនៅឯខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ។ នៅដើមទសវត្សឆ្នាំ ១៩៨០ លោកជាអ្នកប្រដាល់មួយថៃ ហើយបានបោះជំហានមកក្នុងវិស័យប្រដាល់សកលនៅប៉ុន្មានឆ្នាំបន្ទាប់។ លោកមានជំនាញពិសេសនៅការប្រើប្រាស់កណ្តាប់ដៃមហាទម្ងន់នៅដៃខាងឆ្វេង ដែលធ្វើឲ្យគូប្រកួតច្រើននាក់រាប់ភ្លេចលើសង្វៀនមានការខ្លាចរអាជាខ្លាំង។
ទស្សនាវីដេអូខាងក្រោម៖
ឆ្លងកាត់អាជីពលើសង្វៀន ៤៨ ប្រកួត Khaosai ឈ្នះ ៤៧ ស្មើ ០ ចាញ់ ១ និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ដល់ទៅ ៤១ លើកឯណោះ ហើយភាគច្រើនគឺសន្លប់ដោយសារកណ្តាប់ដៃខាងឆ្វេងរបស់លោកនោះហើយ។ ១ លើកគត់ដែលលោកចាញ់ នោះគឺការប៉ះគ្នាទល់អ្នកប្រដាល់រួមសញ្ជាតិ Sakda Saksuree តាមរយៈលទ្ធផលកាត់សេចក្តី ១០ តឹក នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ១៩៨១។
នៅចន្លោះទសវត្សឆ្នាំ ៨០ នោះ Khaosai បានធ្វើឲ្យអ្នកគាំទ្រវិស័យប្រដាល់នៅប្រទេសថៃមានការស្ងើចសរសើរជាខ្លាំង ដោយលោកបានការពារជើងឯកខ្សែក្រវាត់ WBA ១៩ លើកនៅរយៈពេល ៧ ឆ្នាំជាបន្តបន្ទាប់។ ជួនពេលនោះអ្នកប្រដាល់អាមេរិក Mike Tyson ក៏កំពុងឡើងកូដខ្លាំងលើឆាកអន្តរជាតិដូចគ្នា ទើបហេតុផលហ្នឹងហើយដែលប្រជាជនថៃបានដាក់រហស្សនាមឲ្យ Khaosai ថាជា “Thai Tyson” ឬជា ម៉ៃ ថៃសាន់ ប្រចាំប្រទេសថៃ។
លើសពីនេះលោកក៏មានបងប្អូនបង្កើតមួយរូបដែលជាអ្នកប្រដាល់ល្បីឈ្មោះដូចគ្នា មានឈ្មោះ Kaokor Galaxy ហើយនៅឆ្នាំ ១៩៨៨ ប្អូនប្រុសរបស់លោកក៏បានឈ្នះខ្សែក្រវាត់ WBA ប្រភេទទម្ងន់ ១១៨ ផោន ដែលបានរុញឲ្យអ្នកទាំងពីរក្លាយជាបងប្អូនបង្កើតទី ១ ក្នុងលោកដែលអាចឈ្នះខ្សែក្រវាត់លំដាប់ពិភពលោកនៅសម័យកាលនោះ។
រហូតមកទល់ថ្ងៃទី ២១ ធ្នូ ឆ្នាំ ១៩៩១ ក្នុងទីក្រុងបាងកក ប្រទេសថៃ លោកបានប្រកួតទល់អ្នកប្រដាល់ម៊ិចស៊ីកូ Armando Castro ហើយក៏ទទួលបានជ័យជម្នះដែរ ប៉ុន្តែវាក៏បានក្លាយជាប្រកួតចុងក្រោយរបស់ Khaosai។ នៅប៉ុន្មានសប្ដាហ៍ក្រោយ លោកបានប្រកាសចូលនិវត្តពីសង្វៀនប្រដាល់ និងមិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ។
ក្រោយព្យួរហ្គង់ពីសង្វៀនប្រដាល់ហើយ រំលងប៉ុន្មានឆ្នាំបន្ទាប់ Khaosai បានប្រលូកមកក្នុងវិស័យសិល្បៈ ដោយមានចូលរួមសម្ដែងក្នុងខ្សែភាពយន្តនិងចម្រៀងខារ៉ាអូខេមួយចំនួននៅប្រទេសថៃ។ ដោយឡែកចំពោះទំហំទ្រព្យសម្បត្តិរបស់លោក តាមការព្យាករណ៍ពីប្រភពគេហទំព័រជាច្រើនបានចុះផ្សាយថា បុរសវ័យ ៦០ ឆ្នាំ អាចមានទ្រព្យខ្ទង់ចន្លោះពី ១ ទៅ ៥ លានដុល្លារអាមេរិក៕
ប្រភព៖ Wikipedia