ខ្សែប្រយុទ្ធ Lionel Messi រកបាន១គ្រាប់ផងដែរក្នុងការប្រកួតទល់ប៉ារ៉ាហ្គាយនៅព្រឹកមិញនេះ ប៉ុន្តែជាលទ្ធផលអាជ្ញាកណ្ដាលរំសាយចោលវិញក្រោយពីពិនិត្យ VAR រួច។
ប៉ារ៉ាហ្គាយជាអ្នកនាំមុខលើអាហ្សង់ទីនមុនដោយបាល់ប៉េណាល់ទី ប៉ុន្តែជាចុងក្រោយ Nicolas Gonzalez ក៏រកគ្រាប់បាល់តាមស្មើបានវិញ ដើម្បីបញ្ចប់តង់ទី១ក្នុងលទ្ធផលស្មើគ្នា ១-១។ ឈានចូលដល់តង់ទី២ Messi ក៏រកបាន១គ្រាប់ដែរ ប៉ុន្តែជាចុងក្រោយអាជ្ញាកណ្ដាលបានពិនិត្យ VAR ហើយរកឃើញថាមានកំហុស ទើបរំសាយ១គ្រាប់នោះចោលវិញ។ ជាលទ្ធផលក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះក្នុងការប្រកួតជម្រុះ World Cup នេះ។
ជាមួយលទ្ធផលចែកគ្នាម្នាក់១ពិន្ទុនេះ ក្រុមអាហ្សង់ទីនកំពុងស្ថិតនៅលេខ១កំពូលតារាង ឆ្លងកាត់ការប្រកួត៣ប្រកួត មាន៧ពិន្ទុ ដោយត្រូវរង់ចាំមើលការប្រកួតរបស់ប្រេស៊ីលទៀត។ ប្រសិនបើប្រេស៊ីលឈ្នះ នោះនឹងឡើងទៅកំពូលតារាងវិញហើយ៕ប្រភព Goal