ក្លឹប Real Madrid បានសម្លឹងឃើញកីឡាករដើម្បីជំនួសតំណែងរបស់លោក Luka Modric រួចជាស្រេចហើយ ប្រសិនបើខ្សែបម្រើរូបនេះសម្រេចចិត្តចាកចេញពីក្លឹបមែន។
Inter Milan កំពុងតែតាមអន្ទង់ចិត្ត Modric ខ្លាំងមែនទែន ក្រោយពីបានឃើញសមត្ថភាពខ្សែបម្រើរូបនេះធ្វើបានល្អ ឈ្នះពានកីឡាករឆ្នើមប្រចាំពានរង្វាន់ FIFA World Cup 2018 ។ យ៉ាងណាមិញ ការចង់បាននេះ បើបានមែនក៏មិនតិចលានដុល្លារដែរ ត្បិតអី Real Madrid ផ្ទាល់ពិតជាមិនចង់លក់កីឡាករពាក់អាវលេខ១០នេះឡើយ។ លោកPerez ប្រធានក្លឹបបានបញ្ជាក់ប្រសិនបើមានក្លឹបណាចង់បានកីឡាកររូបនេះពីខ្លួន គឺជារឿងងាយបំផុត ដោយគ្រាន់តែត្រូវចំណាយ៧៥០លានផោនប៉ុណ្ណោះ។
Miralem Pjanić
បើទោះជានិយាយដាក់តម្លៃធ្វើឱ្យគេទិញមិនបាននេះមែន ប៉ុន្តែក្រុមអធិរាជសក៏បានមើលឃើញកីឡាករថ្មីមកជំនួសតំណែងរបស់ប្រធានក្រុមជម្រើសជាតិក្រូអាតនេះរួចទៅហើយ។ ម្នាក់នោះគឺ Pjanic របស់ក្រុម Juventus ។ ខ្សែបម្រើជម្រើសជាតិបូស្នីរូបនេះ ត្រូវបាន Real Madrid ជឿជាក់ថាអាចជំនួសតំណែង Modric បាន ប៉ុន្តែប្រសិនបើទិញរូបគេមែននោះតម្លៃខ្លួនក៏មិនថោកដែរ។ ដូច្នេះហើយ បានជាក្លឹបនៅអេស្ប៉ាញមួយនេះ ហាក់ដូចជាមិនចាប់អារម្មណ៍ទៅលើការចង់បានរបស់ Inter មកលើ Modric ឡើយ៕ប្រភព៖ DailyMail