ONE Championship បានត្រលប់មករៀបចំព្រឹត្តិការណ៍ធំបំផុតមួយកាលយប់ថ្ងៃសុក្រ។ ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតលំដាប់ពិភពលោកបានរៀបចំព្រឹត្តិការណ៍នៅសិង្ហបុរីដែលគេដាក់ឈ្មោះថា ONE: REIGN OF DYNASTIES ហើយក្នុងនោះគូដែលគេគិតថាលំបាកបែរជាទទួលជ័យជម្នះដ៏អស្ចារ្យទៅវិញ។
តារាទម្ងន់ flyweight បន្តកំណត់ត្រាបន្ថែម, ស្ដេចផ្ដួលដៃគូឲ្យសន្លប់បានប្រើបច្ចេកទេសដ៏អស្ចារ្យ, និង ជើងខ្លាំង៣រូបនេះនៅតែរះឡើងក្រោយផ្ដួលគូប្រកួតរៀងៗខ្លួន។ អ្វីដែលពិសេស ជើងខ្លាំងកម្ពុជា ចាន់ រតនា អាចជួបម្នាក់ក្នុងចំណោមអ្នកឈ្នះល្អបំផុត៣នាក់ទាំងនេះ។
សូមតាមដានកីឡាករ ៣ រូបដែលឈ្នះល្អបំផុតកាលថ្ងៃសុក្រ។ តើពួកគេអាចជួបតារាគុនចម្រុះរួបណានៅព្រឹត្តិការណ៍បន្ទាប់?
Reece “Lightning” McLaren បានបង្ហាញថារូបគេជាតារាគុនចម្រុះល្អបំផុតម្នាក់ក្នុងទម្ងន់ flyweight ក្នុងលោកបន្ទាប់ពីផ្ដួលដៃគូឲ្យសន្លប់ក្នុងនាមជាគូឯករងកាលថ្ងៃសុក្រកន្លងទៅ។
តារាសញ្ជាតិអូស្ត្រាលីដែលកាន់កម្រិតខ្សែក្រវាត់ខ្មៅជឺជីតស៊ូបានបញ្ចប់កីឡាករមិនដែលចាញ់សញ្ជាតិហ្វាំងឡង់ Aleksi “The Giant” Toivonen ឲ្យចុះចាញ់ជាលើកដំបូង។
McLaren បំបាក់ Toivonen តាមរយៈកណ្ដាប់ដៃស្ដាំ និង ការវាយសន្ធាប់ជាច្រើនទៀតរហូតដល់មានឱកាសអុកចំជង្គង់ចំដងខ្លួនមួយទំហឹងនាំឲ្យកីឡាករហ្វាំងឡង់ដួលមូរនបនៅនាទីចុងក្រោយនៃទឹកដំបូងតែម្ដង។
“Lightning” អាចបន្តទៅជួបគូប្រជែងផ្សេងៗគ្នាច្រើននៅពេលបន្ទាប់ដូចជាកីឡាករគូប្រជែងលំដាប់លេខ៥និងជាអតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion គឺ Geje “Gravity” Eustaquio។
Eustaquio គឺជាអ្នកជំនាញវូស៊ូ ដែលអាចប្រឈមនឹងជើងខ្លាំងមកពីអូស្ត្រាលី។ កាលខែវិច្ឆិកា ឆ្នាំ ២០១៩ គេបានបញ្ចប់ជើងខ្លាំងមកពីហ្វីលីពីនបានបញ្ចប់ Toni “Dynamite” Tauru ដោយការទាត់បង្វិលខ្លួនដ៏អស្ចារ្យ។
“Gravity” អាចមានប្រៀបលើ McLaren តាមរយៈក្បាច់ប្រយុទ្ធ ប៉ុន្តែ រូបគេក៏ស្រលាញ់ក្បាច់ចំបាប់ដែរពេលប្រកួតទល់នឹងអ្នកជំនាញជឺជីតស៊ូទូទាំងពិភពលោក។ គេនឹងផ្ដល់ឲ្យ McLaren នូវការប្រកួតខ្លាំងក្លាមួយ។
McLaren នៅបន្តចង់ឈ្នះមិនត្រឹមកើនចំណាត់ថ្នាក់ ONE’s Athlete Rankings ប៉ុណ្ណោះទេ ប៉ុន្តែ គេអាចនឹងចង់សងសឹកលើមិត្តរួមក្រុមរបស់ Eustaquio ដែលហាត់នៅ Team Lakay រួមមាន Kevin “The Silencer” Belingon និង Danny “The King” Kingad ទៀងផង។
នៅយប់ថ្ងៃសុក្រនោះដែរ Amir Khan ទទួលជ័យជម្នះដ៏សំខាន់ក្នុងអាជីពគុនចម្រុះរបស់ខ្លួន។ ជ័យជម្នះត្រូវបានគេដឹងថាជាការលើកទឹកចិត្តមួយ និង ធ្វើឲ្យឳពុករបស់ខ្លួនដែលកំពុងមានជំងឺមហារីកខួរក្បាលមានមោទនភាព។ វីរបុរសសិង្ហបុរីបានផ្ដួល Rahul “The Kerala Krusher” Raju ជាមួយនឹងការវ៉ៃកែងដ៏ល្អបំផុត ហើយបន្ទាប់មកទៀតវ៉ៃពីលើជាច្រើនរហូតដល់អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមវិនាទីចុងក្រោយនៃទឹកដំបូង។
ជ័យជម្នះនេះនាំឲ្យ Khan កើនកំណត់ត្រាផ្ដួលដៃគូឲ្យសន្លប់រហូតដល់ ៩ ដងក្នុងប្រវត្តិសាស្ត្ររបស់ ONE និង លើសកំណត់ត្រារបស់ម្ចាស់ខ្សែក្រវាត់ ONE lightweight កីឡាករ Christian “The Warrior” Lee ។ លទ្ធផលនេះស្របទៅតាមការតាំងចិត្តជាថ្មីដែលធ្វើឲ្យខ្លួនល្អខ្លាំងឡើងវិញ។
ក្រោយចប់ការប្រកួត តារាសិង្ហបុរី ពិតជាសប្បាយចិត្តពេលផ្ដួលគូប្រកួតឲ្យចុះចាញ់ត្រឹមទឹកទី១។ គេដឹងថានៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើដើម្បីកើនចំណាត់ថ្នាក់ និង ទទួលបានឱកាសទៅដណ្ដើមខ្សែក្រវាត់ពិភពលោក World Title។ អ្នកដែលត្រូវជួបបន្តអាចជាជើងខ្លាំង Kazuki Tokudome។
Tokudome គឺជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Pancrase Lightweight ដែលមានជំនាញខាងក្បាច់យូដូ, និងកណ្ដាប់ដៃខ្លាំងមហាសាល។ ជាក់ស្ដែង ជ័យជម្នះ ១០ លើកក្នុងអាជីពរបស់ខ្លួន គឺផ្ដួលគូប្រជែងឲ្យសន្លប់។ បើសិនជួប Tokudome ពិតមែននោះ Khan នឹងកាន់តែអភិវឌ្ឍខ្លួនឲ្យខ្លាំងថែមទៀត។
Roshan Mainam មិនធម្មតាទេហើយក៏បានបំបាក់ ខុន ស៊ីចាន់ មិនដល់ ៣ នាទីស្រួលបួលផង។ Mainam កំពុងតែមានភាពលេចធ្លោតាមរយៈការផ្ដួលគូប្រកួតកាលថ្ងៃសុក្រកន្លងទៅនេះ។
តារាគុនចម្រុះរូបនេះជាម្ចាស់ជើងឯកចំបាប់ថ្នាក់ជាតិឥណ្ឌាជាច្រើនសម័យកាល និង ធ្វើបានល្អបំផុត ពេលផ្ដួល Liu Peng Shuai ដែលជាម្ចាស់ជើងឯក ONE Hefei Flyweight Tournament Champion មកពីចិន។ កីឡាករឥណ្ឌាបញ្ចប់កីឡាករចិនឲ្យចុះចាញ់ត្រឹមទឹកទី២។
តាមរយៈការប្រកួតទឹកដំបូងបានល្អ Mainam បើកការប្រយុទ្ធលើ Liu ដោយកណ្ដាប់ដៃធ្ងន់ៗ និង ច្បាស់ៗ។ បន្ទាប់មក ជើងខ្លាំងឥណ្ឌាបានផ្ដួលដៃគូ និង រក្សាទីតាំងមានប្រៀប រហូតដល់បញ្ចប់គូប្រកួតដោយក្បាច់ឃ្លេតែម្ដង។
Mainam ដែលជំនាញចំបាប់នោះអាចនឹងតេស្តសមត្ថភាពជាមួយនឹងជើងខ្លាំងលេខ១កម្ពុជា ចាន់ រតនា។
រតនា អាចមានតម្រុយថានឹងជួបតារាមកពីក្លិប Evolve ហើយអ្នកជំនាញគុនខ្មែរក៏អាចតេស្តសមត្ថភាពគុនខ្មែររបស់ខ្លួនទល់អ្នកខ្លាំងចំបាប់ផងដែរ។
លើសពីនេះទៀត តារាគុនចម្រុះកម្ពុជាក៏ពូកែការពារក្បាច់ចាប់ផងពីគូប្រជែងទៀតផង ដែលធ្វើឲ្យរូបគេឈ្នះជើងខ្លាំងៗដូចជា Gustavo “El Gladiador” Balart និង Rudy “The Golden Boy” Agustian ជាដើម។ រតនា នឹងធ្វើឲ្យកីឡាករឥណ្ឌាធ្វើការងារកាន់តែធ្ងន់ និង ជាការប្រកួតល្អបំផុតមួយ។