អ្នកប្រដាល់ល្បីឈ្មោះប្រចាំតំបន់អាស៊ី Manny Pacquiao កំពុងគិតគូរអំពីការត្រៀមចូលនិវត្តពីសង្វៀនប្រដាល់ ដោយចង់ឆ្លងកាត់ត្រឹម ២ ប្រកួតទៀតតែប៉ុណ្ណោះ ហើយងាកទៅផ្តោតសំខាន់លើការងារក្នុងឆាកនយោបាយវិញ។
តាមការបញ្ជាក់ពីគ្រូបង្វឹករបស់ Pacquiao លោក Freddie Roach បាននិយាយប្រាប់សារព័ត៌មាន Boxing Scene ថាលោកក៏នឹងចូលរួមចំណែកជួយផ្សព្វផ្សាយដល់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីប្រចាំប្រទេសហ្វីលីពីន សម្រាប់សិស្សរបស់ខ្លួនផងដែរ។
លោក Roach បញ្ជាក់៖ “ខ្ញុំបានជជែកជាមួយ Manny អំពីការឡើងសង្វៀន ២ ប្រកួតទៀតសម្រាប់អាជីពរបស់គាត់ មុននឹងងាកទៅផ្តោតលើការងារឆាកនយោបាយវិញ”។
សម្រាប់ ២ ប្រកួតនោះ ត្រូវបានគេដឹងថាទំនងជាការប៉ះគ្នាជាមួយអ្នកប្រដាល់អាមេរិក Mikey Garcia, Terence Crawford ឬអាចជាស្នើសុំជួបគ្នាទល់អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweater។ ប៉ុន្តែភាគរយច្រើនគេជឿថាអាចនឹងមានប្រកួតប៉ះគ្នាទល់ Mayweather ដោយនេះជាគូសងសឹងដ៏ជក់ចិត្តមួយ មុនPacquiao ចូលនិវត្ត ព្រោះកាលពីឆ្នាំ ២០១៥ នៅការប្រកួត ១២ តឹក អ្នកប្រដាល់ហ្វីលីពីនចាញ់ទាំងមិនអស់ចិត្ត ដោយសារបរាជ័យនៅវគ្គកាត់សេចក្តីដោយលទ្ធផលពិន្ទុ៕
ប្រភព៖ Insider