លោក ដេរេក ប៊ីដូ (Derek Bidaut) ដើមកំណើតជនជាតិបារាំង ទទួលបានសញ្ជាតិខ្មែរផ្លូវការហើយពីរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ដោយមានឈ្មោះជាខ្មែរថា «ចាន់ ឫទ្ធីស័ក្តិ» ក្រោយពេលដែលលោកស្រឡាញ់ និងចូលប្រឡូកយ៉ាងសកម្មនៅក្នុងវិស័យក្បាច់ប្រដាល់គុនខ្មែរ និងកីឡាគុនល្បុក្កតោខ្មែរ ដោយបេះដូងរបស់លោកអស់រយៈពេលជាង១០ឆ្នាំ។
លោកបង្ហាញអារម្មណ៍រីករាយជាខ្លាំង នៅពេលលោកទទួលបានសញ្ជាតិជាខ្មែរ។ លោកបានលើកឡើងថា ដំបូងលោកបានហ្វឹកហាត់ក្បាច់កុងហ្វូនៅប្រទេសកំណើតខ្លួន។ ក្រោយពីបានឃើញកីឡាករ បឺត ខាំ បង្ហាញប្រដាល់គុនខ្មែរនៅទីនោះ ទើបទាក់ចិត្តលោកឱ្យចាប់ចិត្តស្រឡាញ់ ហើយបានសម្រេចចិត្តមកផ្សងព្រេងនៅកម្ពុជា ដើម្បីហ្វឹកហាត់ប្រដាល់គុនខ្មែរ។ បន្តបន្ទាប់លោកក៏ស្រឡាញ់គុនល្បុក្កតោ បន្ថែមទៀត ហើយបានបង្ហាញសមត្ថភាពខ្លួនក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា។ បច្ចុប្បន្ន លោកជាម្ចាស់ក្លឹបកីឡា Prodal fight & fitness studio នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជាក់ថា បុរសសញ្ជាតិដើមបារាំងរូបនេះ បានចូលហ្វឹកហាត់គុនល្បុក្កតោរបស់កម្ពុជាយូរឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១១ មកម៉្លេះ។ កន្លងមកនេះ លោក ដេរេក ប៊ីដូ ឬចាន់ ឫទ្ធីស័ក្តិ តែងតែចូលរួមបង្ហាញក្បាច់គុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍ធំៗ ដូចជាកម្មវិធីអង្គរសង្រ្កាន្តជាដើម និងកម្មវិធីកីឡាជាច្រើនទៀត។ អគ្គលេខាធិការរូបនេះបន្ថែមទៀតថា កាលពីលោកនៅជាកីឡាករ ក៏ធ្លាប់បានហ្វឹកហាត់ជាមួយលោក ដេរេក ប៊ីដូ ដែរ៕