នៅយប់ថ្ងៃអាទិត្យទី ០៨ សីហា ឆ្នាំ ២០២០ ក្លឹប Juventus បានប្រកាសអំពីដំណឹងនៃការចែកផ្លូវជាមួយអ្នកចាត់ការលោក Maurizio Sarri ពោលគឺកើតឡើងប៉ុន្មានម៉ោង ក្រោយសេះបង្កង់រងបរាជ័យក្រោមថ្វីជើងរបស់ Lyon នៅវគ្គ ១៦ ក្រុមចុងក្រោយ ព្រឹត្តិការណ៍ UEFA Champions League។
សេចក្តីថ្លែងការណ៍របស់ក្លឹបអ៊ីតាលី បានសរសេរ៖ “Juventus សូមប្រកាសថាលោក Maurizio Sarri បានដកចេញពីតួនាទីអ្នកចាត់ការរបស់ក្លឹបហើយ ដោយក្លឹបក៏សូមអរគុណដែលកន្លងមកលោកបានប្រើប្រាស់ពេលវេលា បន្ថែមភាពជោគជ័យដល់ប្រវត្តិសាស្ត្ររបស់ Juventus តាមរយៈការឈ្នះពានលីគ ៩ រដូវកាលជាប់គ្នា”។
ត្បិតមកទល់ពេលនេះក្លឹបមិនទាន់ប្រកាសពីឈ្មោះអ្នកចាត់ការថ្មីក្តី ប៉ុន្តែតាមតម្រុយនៃសារព័ត៌មាននានាបានឲ្យដឹងថា មានបេក្ខភាព ៣ រូបជាប់ភាគរយខ្ពស់ដែលអាចនឹងមកស្នងកៅអីអ្នកចាត់ការ បន្តពីលោក Sarri។
ក្នុងនោះភាគរយខ្ពស់បំផុត គឺអ្នកចាត់ការបច្ចុប្បន្នរបស់ក្លឹប Lazio លោក Simone Inzaghi ដែលបុរសសញ្ជាតិអ៊ីតាលីរូបនេះ បានត្រួសត្រាយឲ្យ Lazio ទទួលបានលទ្ធផលជាទីគាប់ចិត្តទាំងការជាប់ចំណាត់ថ្នាក់ Top 4 នៅ Serie A ក៏ដូចជាការឈ្នះពាន Suppercoppa Italiana បំបាក់ Juventus នេះផងដែរ។
អ្នកទីពីរគឺអាចជា Zinedine Zidane ដោយអ្នកចាត់ការសញ្ជាតិបារាំង បានជាប់ចចាមអារ៉ាមថាអាចនឹងមក Juventus តាំងពីឆ្នាំទៅមកម្ល៉េះ ប៉ុន្តែអ្វីដែលសំខាន់ ពេលនេះគឺលោកកំពុងជោគជ័យជាមួយ Real Madrid ហើយកុងត្រាសេសសល់មានរយៈពេលដល់ឆ្នាំ ២០២២ ឯណោះ។
ចុងក្រោយគឺអតីតអ្នកចាត់ការរបស់ Spurs លោក Mauricio Pochettino ដែលបច្ចុប្បន្ននៅឈរជើងទំនេរ ក្រោយខកខានដឹកនាំតាំងពី ខែវិច្ឆិកា ឆ្នាំ ២០១៩ មកម្ល៉េះ៕
ប្រភព៖ Goal