Maurizio Sarri ដែលត្រៀមនឹងក្លាយជាអ្នកចាត់ការថ្មី នៃកីឡាករ Arthur Melo ត្រៀមផ្ទេរទៅចូលរួមនៅ Juventus នាពេលខាងមុខ បានចេញមកបញ្ជាក់ជាមុន ថាលោកសូមមិនពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសរបស់ Arthur និងក្លឹប Barcelona។
កីឡាករប្រេស៊ីលដែលបច្ចុប្បន្នកំពុងសម្រាកលំហែកាយនៅប្រទេសកំណើត បានបដិសេធជាមួយក្លឹបក្នុងការត្រលប់មកចូលរួមហ្វឹកហាត់ ត្បិតបើកុងត្រានៅសេសសល់ដល់ខែកញ្ញា ឆ្នាំ ២០២០ ក្តី។
បញ្ជាក់ប្រាប់ថ្មីៗនេះ អ្នកចាត់ការសញ្ជាតិអ៊ីតាលីនិយាយ៖ “អំពីរឿង Arthur ខ្ញុំមិនបានគិតអ្វីទាំងអស់ ដោយខ្ញុំមិនដឹងពីទំនាក់ទំនងរវាងគេនិង Barcelona ទេ ពោលមិនដឹងថាគេនិយាយគ្នាបែបណាខ្លះឡើយ ហើយខ្ញុំសូមមិនបញ្ចេញមតិអ្វីទាំងអស់ពាក់ព័ន្ធរឿងរ៉ាវនេះ”។
រំឭកថា Arthur ស្ថិតក្នុងកិច្ចព្រមព្រៀងដោះដូរថែមលុយជាមួយ Pjanic ចេញពី Juventus ហើយអ្នកទាំងពីរនឹងបង្ហាញវត្តមាននៅក្លឹបថ្មី ចាប់ពីដើមរដូវកាលក្រោយតទៅ៕
ប្រភព៖ BeSoccer