អតីតកីឡាកររបស់ Arsenal/Barcelona/Chelsea គឺ Cesc Fabregas ដែលបច្ចុប្បន្នកំពុងឈរជើងនៅក្លឹប AS Monaco បានល្ហិចល្ហៀងថាមានសំណើដ៏ធំមួយពីក្លឹបនៅប្រទេសកាតា ដោយអះអាងហ៊ានផ្តល់ជូនថ្លៃពលកម្មខ្ពស់ (តែមិនបង្ហើបតួលេខច្បាស់លាស់) អាចរាប់ថានឹងក្លាយជាទ្រនំចុងក្រោយនៃអាជីពរបស់កីឡាករអេស្ប៉ាញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន France Football។
ខ្សែបម្រើវ័យ ៣៣ ឆ្នាំគឺមានការចង់បាន ពីសំណាក់ក្លឹប Al-Gharafa របស់លីគកំពូលកាតា ដែលជាក្លឹបឈរចំណាត់ថ្នាក់ទី ៤ នៅតារាងបច្ចុប្បន្ន ហើយក្រុមនេះរាប់ជាក្រុមជោគជ័យព្រោះធ្លាប់ឈ្នះ Qatari Star League ចំនួន ៧ សម័យកាលឯណោះ។
គួរបញ្ជាក់ថាបច្ចុប្បន្ន Fabregas ក៏ស្ថិតក្នុងចំណោមកីឡាករស៊ីថ្លៃបំផុតមួយរូបនៅ Monaco ផងដែរ ដោយមួយសប្តាហ៍គេរកបានដល់ទៅ ១១០ ០០០ ផោនឯណោះ ប៉ុន្តែរដូវកាល ២០១៩/២០ ធ្វើមិនសូវបានល្អឡើយ ដោយត្រឹម Assist បាល់ចេញបាន ៣ ជើងគត់ឲ្យមិត្តរួមក្រុម ខណៈចំណាត់ថ្នាក់របស់ក្លឹបក៏មិនសូវល្អឈរលេខ ៩ ឯណោះ៕ ប្រភព៖ SoccerLaduma