តាមការណែនាំរបស់អតីតជើងចាស់ហង្សក្រហមលោក John Barnes បានទទូចប្រាប់ទៅកាន់ Harry Kane ថាគួរតែបដិសេធសំណើរបស់ក្លឹបយក្សទាំងពីរនៅ EPL មាន Man Utd និង Man City ដែលកន្លងទៅល្ហិចល្ហៀងថាក្លឹបធំៗទាំងនេះចង់បានខ្សែប្រយុទ្ធជួរមុខរបស់ Spurs។
ជជែកប្រាប់ BonusCodeBets.co.uk លោក Barnes បាននិយាយប្រាប់ Kane ឲ្យគួរណាតែបន្តរស់នៅជាមួយ Spurs ត្បិតបើក្រោមការដឹកនាំរបស់លោក Pochettino និង Mourinho ក្តី សុទ្ធមិនទទួលផលល្អនៅ Premier League។
លោកប្រាប់ថា៖ “Harry Kane មិនគួរសម្លឹងរកការចាកចេញពី Tottenham ទេ ប្រសិនគេស្រលាញ់ក្លឹប គេជាអ្នកគាំទ្រមួយរូបរបស់ក្លឹប ព្រោះប្រសិនកីឡាករទាំងអស់ចង់ឈ្នះពាន អ៊ីចឹងគួរទៅក្លឹប Barcelona, Real Madrid ឬ Liverpool ចុះ”។
លោកបន្ថែម៖ “អ្នកដឹងទេថាអ្នកជាអ្នកគាំទ្ររបស់ Tottenham ហើយចង់លេងឲ្យក្លឹប បែបនេះគួរបន្តនៅជាមួយក្លឹប ហើយព្យាយាមជួយឲ្យក្លឹបឈ្នះពានទើបត្រូវ ដោយមិនខុសពី Bryan Robson កាលនៅ Man Utd ដែលកាលនោះគាត់ជួបពេលវេលាលំបាកអ៊ីចឹងដូចគ្នា គ្រា United ធ្វើមិនបានល្អ តែគាត់មិនចាកចេញឡើយ”។
រំឭកថា Bryan Robson ធ្លាប់លេងឲ្យ United ចន្លោះឆ្នាំ ១៩៨១-១៩៩៤ ពេលនោះស៊ូខិតខំនៅ Old Trafford រហូតដល់ក្លឹបឈ្នះពាន PL ពីរសម័យកាលជំនាន់ឆ្នាំ ១៩៩២-៩៣ និង ១៩៩៣-៩៤ មុនចាកចេញទៅទ្រនំចុងក្រោយ Middlesbrough ហើយចូលនិវត្តន៍រយៈពេល ៣ ឆ្នាំបន្ទាប់៕
ប្រភព៖ AF