លោក Nishino បានដឹកនាំក្រុម U22 ថៃ ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុតាមពូលប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នេះ។
លោក Pol Gen Somyot Poompunmuang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ បានបញ្ជាក់ថាបរាជ័យរបស់ក្រុម U22 នៅស៊ីហ្គេម គឺមិនប៉ះពាល់ដល់តំណែងរបស់លោក Nishino ឡើយ។ លោកនៅតែទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ដើម្បីបង្ហាត់បង្ហាញដល់ក្រុមកីឡាករថៃទៀតដដែល សម្រាប់ការប្រកួតព្រឹត្តិការណ៍ជាច្រើនទៀតនៅពេលខាងមុខ។
ប្រធានសហព័ន្ធខាងលើបានបន្ថែមទៀតថា កុងត្រា២ឆ្នាំរបស់គ្រូបង្វឹកជប៉ុននឹងនៅតែមាន ហើយគោលដៅរបស់ថៃគឺការអភិវឌ្ឍឈានឡើងមួយកម្រិតទៀត សម្រាប់កម្មវិធីប្រកួតធំៗនៅ២ឆ្នាំខាងមុខ។ លោក Nishino បច្ចុប្បន្ននេះ នឹងត្រូវទៅកាន់ក្រុម U23 ថៃ ដើម្បីត្រៀមលេង AFC U23 Championship ដែលខ្លួនធ្វើជាម្ចាស់ផ្ទះស្រាប់នាខែមករាឆ្នាំ២០២០ខាងមុខ៕