លោក Akira Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានបញ្ជាក់ថាត្រូវតែយក៣ពិន្ទុពីក្រុមម៉ាឡេស៊ីឱ្យបាន ដើម្បីរក្សាតំណែងកំពូលតារាងពូល G បន្ដទៀត។
ថៃ នឹងត្រូវលេងទល់ក្រុមម៉ាឡេស៊ី នៅម៉ោង៧:៤៥នាទីយប់នេះ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 នៅកីឡដ្ឋាន Bukit Jalil ។ លេងនៅកីឡដ្ឋានជាតិម៉ាឡេស៊ី ដែលផ្ទុកមនុស្សបានជាង៨ម៉ឺននាក់នេះ ក្រុមថៃមកលេង៣ដងហើយ ប៉ុន្តែមិនដែលឈ្នះនោះទេ បានត្រឹមស្មើ២ដង និងចាញ់ម្ដង។
សម្រាប់ការប្រកួតលើកទី៤នេះដែរ លោក Akira Nishino គ្រូបង្វឹកក្រុមថៃបាននិយាយដូច្នេះថា៖ “ឡើងទៅជុំបន្ដ យើងត្រូវមើលលើលទ្ធផលទាំង៨ប្រកួត។ ខ្ញុំមិនមើលលទ្ធផលប្រកួតមុនទេ យើងត្រូវមើលលទ្ធផលទៅមុខទៀត។ យើងត្រូវធ្វើការជាមួយក្រុម ដើម្បីយកឈ្នះការប្រកួតនេះ យើងត្រូវការ៣ពិន្ទុបន្ថែមទៀត”។
គ្រូសញ្ជាតិជប៉ុនក៏បានបង្ហាញក្ដីបារម្ភផងដែរ លើការលួចមើលការហ្វឹកហាត់របស់ក្រុមថៃ។ លោកចង់ឱ្យសន្តិសុខ ការពារឱ្យបានកុំឱ្យមានអ្នកមកលួចមើលការហ្វឹកហាត់របស់ខ្លួន។ ”យើងចង់ឱ្យមានភាពស្មើភាពគ្នា យើងមិនចង់ដឹងក្បួនហ្វឹកហាត់ក្រុមគេទេ ហើយគេក៏មិនត្រូវមកមើលយើងហ្វឹកហាត់វិញដែរ”។ សម្ដីរបស់ Nishino ៕ ប្រភព៖ Bangkokpost