លោក Valverde អ្នកចាត់ការក្រុម Barcelona បានបញ្ជាក់ថាខ្សែប្រយុទ្ធ Griezmann នឹងមានឱកាសបានលេង ប្រសិនបើរូបគេបានបង្ហាញពីសមត្ថភាពនិងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត។
Barcelona នឹងត្រូវប៉ះក្រុម Levante នៅរាត្រីនេះក្នុងការប្រកួតពានរង្វាន់ La Liga ។ លោក Valverde បានហៅក្រុម Levante នេះថាជាក្រុមពិបាកយកឈ្នះមួយ ព្រោះថាពួកគេលេងតាមយកបាល់ខ្លាំង និងលេងមិនចេះនឿយហត់ឡើយ។ ស្របពេលយប់នេះ លេងនៅទឹកដីពួកគេទៀត នោះនឹងធ្វើឱ្យក្រុមអ្នកមានបុណ្យពិបាកក្នុងការយកឈ្នះមិនខាន។
សម្រាប់ការប្រកួតនេះដែរ មានសំនួរជាច្រើនសួរថា Griezmann អាចនឹងបានលេងឬអត់? ចម្លើយរបស់អ្នកចាត់ការក្រុម Barcelona គឺខ្សែប្រយុទ្ធបារាំងនឹងមានឱកាសប្រសិនបើរូបគេត្រៀមខ្លួនរួចរាល់។ កីឡាករ Barcelona ទាំងអស់សុទ្ធតែមានសមត្ថភាព ដូច្នេះលោកនឹងជ្រើសកីឡាករណាដែលត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។ សូមបញ្ជាក់ថាកាលពីប៉ះក្រុម Valladolid កន្លងទៅនេះ Griezmann មិនបានលេងឡើយ ដោយកីឡាករវ័យក្មេង Ansu Fati ជាអ្នកជំនួសតំណែងគេ៕ប្រភព៖
MARCA