ក្រុមហង្សក្រហម Liverpool កំពុងធ្វើបានល្អមែនទែនសម្រាប់ការប្រកួតលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយ៤ប្រកួតឈ្នះទាំង៤ប្រកួតតែម្ដង បន្ទាប់ពីឈ្នះ Burnley ៣-០ យប់មិញ។៣គ្រាប់របស់ក្រុមលោក Klopp យប់មិញធ្វើបានសម្រេចដោយ Wood ចូលទីខ្លួនឯងនាទី៣៣ Mane នាទី៣៧ និង Firmino នាទី៨០។ នេះជាការឈ្នះប្រកួតទី៤ ហើយក៏ធ្វើឱ្យក្រុម Liverpool ឈរនៅកំពូលតារាង ដោយមានគ្រាប់បាល់ចំណេញដល់ទៅ១១គ្រាប់ថែមទៀត។
ខណៈដែលក្រុមគូប្រជែង Man City វិញ៤ប្រកួតមកនេះ ឈ្នះ៣និងស្មើ១ ឈរនៅលេខ២ មានត្រឹម១០ពិន្ទុប៉ុណ្ណោះ។មួយវិញទៀតបើគិតតាំងពីរដូវកាលមុនមក ក្នុងលីគអង់គ្លេសនេះក្រុម Liverpool មិនទាន់ស្គាល់ចាញ់នោះទេ ពោលគឺឈ្នះ១៣ប្រកួតជាប់គ្នាមកហើយ៕
ប្រភព៖ DailyMail