ក្រុម Roma ចង់ខ្ចីជើង Gonzalo Higuain ពីក្រុម Juventus ១រដូវកាល ក្នុងតម្លៃខ្លួន ៥,៤លានផោន ហើយគេរំពឹងថានឹងសម្រេចការខ្ចីជើងនេះឆាប់ៗ។
ខ្សែប្រយុទ្ធអាហ្សង់ទីននេះ ហាក់មិនមានសំណាងសោះ តាំងពីផ្លាស់មកលេងនៅក្លឹប Juventus មក ពោលគឺរូបគេត្រូវបានក្លឹបខ្ចីជើង២រួចមកហើយ។ ក្រុមទី១ដែលខ្ចីជើងគេ គឺ AC Milan បន្ទាប់មក Chelsea ទៀត។ ដោយសារតែមិនអាចជួយក្រុមបានច្រើន ទើបក្លឹបដែលខ្ចីជើងនោះបញ្ជូនរូបគេមកក្លឹបចាស់ Juventus វិញ។ ទើបហាត់ជាមួយក្រុមបានប៉ុន្មានថ្ងៃ ស្រាប់តែមានដំណឹងថាក្រុមសេះបង្កង់ចង់ឱ្យក្លឹប Roma ខ្ចីជើងគេទៅទៀតហើយ។
ប្រភពនៅអ៊ីតាលីបញ្ជាក់ការខ្ចីជើងទៅលើកនេះ ក្រុម Roma នឹងឱ្យទៅ Juventus ៥,៤លានផោន ជាមួយកុងត្រាមួយថាបើលេងល្អ នឹងទិញដាច់តែម្ដងក្នុងតម្លៃខ្លួន២៤លានផោនក្រោយចប់រដូវកាលថ្មីខាងមុខ។ សាមីខ្លួនមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែគេដឹងថា Juventus យល់ព្រមចំពោះសំណើនេះហើយ៕ប្រភព៖ Dailymail