អ្នកចាត់ការលោក Rafa Benitez ត្រូវបានគេរាយការណ៍ថាកំពុងមានក្លឹបយក្សរបស់ប្រទេសចិនគឺ Dalian Yifang បានទម្លាក់សំណើរលើប្រាក់ឈ្នួលប្រមាណ ១២ លានផោន/ឆ្នាំ ដោយចង់បានបុរសសញ្ជាតិអេស្ប៉ាញរូបនេះមកដឹកនាំក្លឹបរបស់ខ្លួន។
លោក Benitez មិនទាន់ព្រមព្រៀងលើការចុះហត្ថលេខានៃកុងត្រាថ្មីជាមួយម្ចាស់ក្លឹបលោក Mike Ashley នៅឡើយ ពោលគឺកុងត្រា ៣ ឆ្នាំនៅទឹកដី St James’ Park នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ មិថុនាខាងមុខនេះ។
រីឯក្លឹប Dalian Yifang នៃក្របខ័ណ្ឌកំពូលចិន CSL ក៏បានដាក់សំណើរលើថ្លៃពលកម្មខ្ពស់កប់ពពកមួយ ខណៈពួកគេសព្វថ្ងៃឈរលេខ ១១ ដែលបានឈ្នះ ៣ ប្រកួតនៃ ១៣ ប្រកួតសរុបក្រោមការចាត់ការដោយគ្រូបង្វឹកលោក Choi Kang-hee ដែលចូលជួសតំណែងលោក Bernd Schuster នាខែកុម្ភៈ។
បញ្ជាក់ថានៅក្លឹប Dalian Yifang ក៏មានប្រមូលផ្តុំកីឡាករបរទេសមួយចំនួនដូចជា Yannick Carrasco (ស្លាបប្រយុទ្ធបែលហ្សិក) និងខ្សែបម្រើជើងចាស់នៅ Napoli គឺ Marek Hamsik ផងដែរ។ ប្រភព៖ TalkSport