ការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោករវាងកីឡាករអង់គ្លេស Anthony Joshua និងកីឡាករមិសិកូ Andy Ruiz Jnr នឹងត្រូវធ្វើឡើងម្ដងទៀតនៅចុងឆ្នាំ២០១៩ខាងមុខនេះ។
កាលពីសប្ដាហ៍មុននេះ កីឡាករ Ruiz បានបង្កការភ្ញាក់ផ្អើលពេញពិភពលោក ក្រោយពីរូបគេបានផ្ដួលជើងខ្លាំងមិនដែលចាញ់អង់គ្លេស Joshua បានត្រឹមទឹក៦ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក។ កីឡាករមិសិកូរូបនេះ មានមាឌធំ និងធាត់ខ្លាំង ដែលមុនការប្រកួតគ្មាននរណាមានទំនុកចិត្តលើគេថាអាចយកឈ្នះបានឡើយ។ ផ្ទុយទៅវិញ ជាលទ្ធផលរូបគេធ្វើបានល្អហួសពីការស្មានទៅទៀត។
ដោយសារតែកត្តានេះហើយ ទើបបានជាអ្នកផ្គូផ្គងនឹងចាប់គូនេះឱ្យប៉ះគ្នាម្ដងទៀត នៅចុងឆ្នាំនេះ។ ក៏ដូចជាទុកឱកាសឱ្យ Joshua វាយដណ្ដើមយកខ្សែក្រវាត់របស់ខ្លួនមកវិញផងដែរ។ ការវាយដណ្ដើមខ្សែក្រវាត់នេះ នឹងធ្វើឱ្យ Ruiz កើនតម្លៃខ្លួនដល់១០លានផោន ខណៈដែលការប្រកួតមុននេះបានត្រឹមតែ៥លានផោនប៉ុណ្ណោះ៕ប្រភព៖ Dailymail