ក្លឹប Nantes នៅលីគបារាំង បានស្នើឱ្យក្លឹប Cardiff City ធ្វើតាមច្បាប់ បង់ប្រាក់១៥លានផោន ដែលជាតម្លៃទិញយកកីឡាករ Sala បើទោះជាខ្សែប្រយុទ្ធរូបនេះកំពុងបាត់ខ្លួន ក្នុងហេតុការណ៍ធ្លាក់យន្តហោះក៏ដោយ។
Sala ជាខ្សែប្រយុទ្ធដែលក្រុម Cardiff City ទិញថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ១៥លានផោនពីក្លឹប Nantes របស់បារាំង។ ការផ្ទេរបានកើតឡើងហើយ កីឡាករអាហ្សង់ទីនបានធ្វើដំណើរមករួមក្រុមនៅអង់គ្លេស ប៉ុន្តែក៏ជួបហេតុការណ៍ធ្លាក់យន្តហោះក្នុងសមុទ្រ មិនទាន់ដឹងថាស្លាប់រស់យ៉ាងណាទេ បច្ចុប្បន្ន។ កត្ដានេះ បានធ្វើឱ្យក្រុម Nantes បានប្រាប់ទៅខាង Cardiff ថាត្រូវតែធ្វើតាមច្បាប់ ព្រោះថាការផ្ទេរទៅបានសម្រេចហើយ អីចឹងត្រូវបង់ប្រាក់ឱ្យពួកគេផង។
ចំពោះរឿងនេះដែរ បានធ្វើឱ្យក្រុម Cardiff ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលិខិតរបស់ក្រុម Nantes ផ្ញើមកនោះ គឺទារប្រាក់ ដោយទុកពេលឱ្យត្រឹម១០ថ្ងៃប៉ុណ្ណោះ។ ការទារប្រាក់នេះធ្វើឡើងទាំងកីឡាករ Sala កំពុងបាតខ្លួន មិនទាន់ដឹងស្លាប់ឬរស់នៅឡើយ។ ដោយបច្ចុប្បន្នក្រុមអ្នករុករកបានប្រទះឃើញយន្ដហោះធ្លាក់នោះហើយ និងប្រទះឃើញសាកសពម្នាក់ផងដែរ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានថាជានរណានៅឡើយ។ ក្នុងយន្ដហោះធ្លាក់នោះមានមនុស្ស២នាក់គឺ Sala និងអ្នកបើកយន្ដហោះ៕ប្រភព៖ Dailymail