លោក David Wagner បានបញ្ចប់ការងាររបស់ខ្លួនឯងតែម្ដង ក្រោយពីដឹកនាំក្រុម Huddersfield ធ្លាក់ដល់បាតតារាងលីគកំពូលអង់គ្លេស English Premier League ។
Wagner ចូលដឹកនាំក្រុម Huddersfield នេះកាលពីឆ្នាំ២០១៥ ហើយគ្រានោះលោកក៏បានជួយក្រុមនេះឡើងមកលេងនៅលីគកំពូលអង់គ្លេសតែម្ដង។ រដូវកាលដំបូងនៅលីគកំពូលក្រុមនេះអាចរក្សាខ្លួនបាន ប៉ុន្តែឈានដល់រដូវកាលនេះវិញ ពួកគេកំពុងយ៉ាប់យ៉ឺនយ៉ាងខ្លាំង ដោយស្ថិតនៅបាតតារាង ទើបតែមាន១១ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់២២ប្រកួតមកហើយ។ កត្ដាដឹកនាំមិនល្អនេះហើយ ទើបអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ សម្រេចចិត្តលាលែងតំណែងតែម្ដង។
ក្រោយការចាកចេញនេះ ក្លឹបមិនទាន់រកបានអ្នកចាត់ការថ្មីនោះទេ ប៉ុន្តែបានហៅលោក Mark Hudson គ្រូបង្វឹកក្រុម U23 មកដឹកនាំក្រុមបណ្ដោះអាសន្នសិនហើយ។ មានអ្នកចាត់ការ៣រូប ជាបេក្ខភាពអាចមកដឹកនាំក្រុមនេះ គឺ Sam Allardyce, David Moyes និង Alan Pardew៕ប្រភពDailyMail