ក្លឹបយក្សធំៗនៅអឺរ៉ុបដូច Chelsea, Manchester United, Barcelona និង Paris Saint-Germain ជាដើម សង្កេតឃើញសឹងជារៀងរាល់ឆ្នាំ តែងចាយលុយរាប់សិបលានថ្ពក់នាំយកកីឡាករដោយឥតញញើត ហើយខ្លះក៏យកមកត្រូវ ខ្លះក៏លេងមិនកើត បែរទៅជាការសើចចំអក ជាមួយការខាតបង់ឥតអំពើ។
ខុសអីតែក្លឹប ៣ នេះ និយាយពីប្រវត្តិជោគជ័យការឈ្នះពានរង្វាន់នៅពេលចុងក្រោយមិនជាធំដុំប៉ុន្មានទេ ព្រោះបានផ្ទេរទៅជាប្រាក់ចំណេញរាប់រយលាន តាមរយៈការលក់ចេញកីឡាករទៅឲ្យក្លឹបសេដ្ឋីៗដូចបានរៀបរាប់។ Benfica, Ajax, Dortmund ដល់ថ្នាក់គេដាក់ឈ្មោះ ថាជាក្លឹបយកបាល់ទាត់ធ្វើជាអាជីវកម្ម ហើយពុំបានមិនបានគិតជោគជ័យពេលអនាគតជាគោលដៅអាទិភាពឡើយ។
ខាងក្រោម CTS Sports បង្ហាញត្រួសៗអំពីការកើតផលចំណេញ ក្រោយការបណ្ដុះកូនឫស្សី ឲ្យក្លាយទៅដុំពេជ្រត្រឹមតែរយៈពេលខ្លី៖
៣) ក្លឹបអាល្លឺម៉ង់ Borussia Dortmund
ខកខានឈ្នះពានលីគកំពូលតាំងរដូវកាល ២០១១/១២ តែបើនិយាយអំពីប្រាក់ចំណូលលើការលក់ចេញកីឡាករ គឺបានផលចំណេញច្រើនជាងទាំងក្លឹបជោគជ័យ Bayern Munich ទៅទៀត។ ត្រួសៗអំពីឈ្មោះកីឡាករថ្លៃបំផុតទាំង ៥ ដែល Dortmund បានលក់ចេញនៅប៉ុន្មានឆ្នាំចុងក្រោយ មានដូច Erling Haaland ទិញចូលតែ ២០ លាន លុះរំលង ២ ឆ្នាំក្រោយ លក់ចេញទៅវិញបានដល់ ៦០ លានអឺរ៉ូ។
ដោយឡែកមុននោះ ជាមួយករណី Pierre-Emerick Aubameyang យកចេញពី Saint-Etiene ចាយកម្លាំងគ្នា ៥ ឆ្នាំទៅហើយ ក៏ចុងក្រោយនៅតែអាចលក់ឲ្យទៅ Arsenal បានចំណេញជាង ៥០ លាន ហើយកាន់តែពិសេសជាមួយ Christian Pulisic ដែលបណ្តុះតាំងពីនៅឈុតថ្នាល ក្រោយឡើងមកឈុតធំបាន ៣ ឆ្នាំ ក៏អាចចំណេញលើគោកដល់ ៦៤ លានអឺរ៉ូ។
ពីររូបចុងក្រោយគឺ Jadon Sancho ទៅខំយកពី Man City តាំងគ្នានៅឈុត U18 មកបណ្តុះបណ្តាល ៤ ឆ្នាំ ក៏អាចលក់ចេញទៅឲ្យ Man Utd វិញ នៅតម្លៃ ៨៥ លាន ចំណេញលើស ១ ទ្វេជា ៤ ខណៈ Ousmane Dembele ជាកីឡាករ Dortmund ថ្លៃបំផុត ក៏អាចកើបផលចំណេញ ក្រោយផ្លាស់ទៅ Barcelona ដល់លើស ១០០ លានអឺរ៉ូឯណោះ។
២) ក្លឹបហូឡង់ Ajax Amsterdam
ខុសពី Dortmund សម្រាប់ Ajax បើទោះបីផ្តោតលើអាជីវកម្មលក់ចេញកីឡាករ តែសមិទ្ធផលសម្រេចបានក្នុងស្រុក ដូចការឈ្នះពាន Eredivise ពួកគេតែងនៅធ្វើបានជារឿយៗ។ ការលក់ចេញថ្លៃបំផុតទាំង ៥ របស់ក្លឹបខាងលើ មានដូចជា ដំណើរផ្ទេរ Davinson Sanchez ទៅឲ្យ Spurs បានថ្លៃ ៤២ លានអឺរ៉ូ ហើយប្រាក់ចំណេញធំទើបកើតឡើងថ្មីថ្មោង គឺ Lisandro Martinez ដែល Ajax ចេះសម្លឹងយកចេញពី Defensa នៅអាហ្សង់ទីន តាំងឆ្នាំ ២០១៩ ត្រឹមតម្លៃ ៧ លានអឺរ៉ូ ដល់ហើយលក់បានវិញជាង ៥៧ លាន។
ចំណែកឯដៃគូតំបន់ការពារ និងបម្រើគឺពិសេសជាងគេ ដូច Matthijs de Ligt ក្រោយផ្ទេរទៅ Juventus នាំឲ្យក្លឹបចំណេញលើគោក ដល់ ៨៥,៥ លាន ហើយ Frenkie de Jong ទៅ Barcelona ចំណេញ ៨៦ លាន ដល់តែ Antony ជាកីឡាករមានតម្លៃថ្លៃបំផុត តែ Ajax ចំណេញបានជាង ៧៩ លានប៉ុណ្ណោះ ធៀបនឹងតម្លៃដើម គ្រានាំចេញពី Sao Paulo នៅពីរឆ្នាំមុនការលក់ចេញ។
១) ក្លឹបព័រទុយហ្គាល់ Benfica
ក្នុងចំណោមក្លឹបពូកែធ្វើអាជីវកម្មទាំង ៣ គឺ Benfica នេះហើយ ជាអ្នកអាចលក់ចេញកីឡាករបានថ្លៃបំផុត ដូចករណី Joao Felix ចំណេញទាំងដុល ១២៧,២ លាន រួចថែមមក Enzo Fernandez ទើបសម្រេចផ្ទេរឲ្យ Chelsea កើតជាកីឡាករថ្លៃបំផុតនៅ Premier League បានតម្លៃខ្លួន ១២១ លាន ក៏ចំណេញលុយសុទ្ធជាង ៧៦ លាន ត្រឹមការអភិវឌ្ឍរយៈពេលមិនដល់កន្លះឆ្នាំ។
៣ រូបផ្សេងទៀតមានដូច Darwin Nunez លក់ទៅឲ្យ Liverpool បានតម្លៃ ៨០ លាន ហើយ Ruben Dias ដែលជាអតីតយុវជនថ្នាលរបស់ Benfica នាំឲ្យក្លឹបចំណេញការផ្ទេរ ១០០ ភាគរយ នៅតម្លៃ ៧១,៦ លាន និងចុងក្រោយគឺ Ederson Moraes ដែលប្រហែលគ្នាយើងមិនជាបានដឹងច្រើននោះទេ ថាកីឡាករប្រេស៊ីលក៏ធ្លាប់ជាសមាជិករបស់ Benfica ផងដែរ ហើយអតីតក្លឹបចាយលុយត្រឹម ៥០០ ០០០ អឺរ៉ូ មុនលក់ចេញទៅវិញនៅពីរឆ្នាំបន្ទាប់ ដល់ ៤០ លានអឺរ៉ូពេញថ្លៃ៕
ប្រភព៖ បរទេស