គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានប្រកាសរក្សាជំហររបស់ខ្លួនចំពោះការប្រើប្រាស់ពាក្យ Kun Khmer មិនប្រើពាក្យប្រដាល់ Muay នោះទេ។
CAMSOC បានប្រកាសកាលពីពេលថ្មីៗនេះ សម្រេចប្រើពាក្យ គុនខ្មែរ ឬ Kun Khmer ដោយមិនមានភ្ជាប់ជាមួយពាក្យ Muay របស់ថៃនោះទេ។ ខណៈដែលការសម្រេចចិត្តបែបនេះហើយ ទើបធ្វើឱ្យភាគីថៃមិនសប្បាយចិត្តជាខ្លាំង ហើយក៏ប្រកាសមិនបញ្ជូនអត្តពលិកថៃមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជាផងដែរ។ តែការមិនពេញចិត្តឬមិនព្រមចូលរួមប្រកួតរបស់ភាគីថៃ ក៏មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្ដូរចិត្តអ្វីដែរ។ កម្ពុជានៅតែបន្ដនិងរក្សាជំហរប្រើពាក្យគុនខ្មែរដដែល។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានអះអាងថា បើទោះជាភាគីថៃ មិនពេញចិត្តចំពោះរឿងនេះ និងមិនបញ្ជូនអត្ដពលិកមកប្រកួតលើវិញ្ញាសានេះ ក៏ប្រដាល់គុនខ្មែរ នៅតែជាវិញ្ញាសាប្រកួតក្នុងស៊ីហ្គេមលើកទី៣២ ដដែល ព្រោះតាមច្បាប់កីឡា គឺឱ្យតែមាន៤ប្រទេសឡើងទៅ យើងអាចប្រកួតបានហើយ តែកម្ពុជាយើងមានរហូតដល់ ៦ ប្រទេសបានគាំទ្រលើវិញ្ញាសានេះក្នុងនោះមានឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ ដូច្នេះយើងអត់ខ្វល់ ចំពោះអ្នកណាមិនចូលរួមប្រកួតនោះទេ៕