Camsoc ឬឈ្មោះពេញ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបញ្ជាក់ថាសម្រាប់ស៊ីហ្គេមខាងមុខនេះ នឹងប្រើពាក្យគុនខ្មែរ Kun Khmer ជាផ្លូវការ មិនមានបន្ថែមពាក្យ Muay នោះទេ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថាការសម្រេចចិត្តប្រើពាក្យគុនខ្មែរនេះ គេធ្វើទៅតាមគោលដៅ និងឆន្ទៈពិតប្រាកដរបស់កម្ពុជា ហើយក៏បានសរសេរលិខិតផ្ញើទៅគណៈកម្មាធិការជាតិនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានរូចរាល់ហើយដែរ។ ដោយកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នឹងប្រើពាក្យគុនខ្មែរនេះជំនួសកីឡា Muay នេះវិញ ព្រោះអ្នកគាំទ្រកម្ពុជាមិនចង់ប្រើពាក្យនេះឡើយ។
សូមបញ្ជាក់ដែរថាកីឡា Muay ត្រូវបានដាក់បញ្ចូលទៅក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម ដោយកំណត់ឱ្យគ្រប់ប្រទេសត្រូវប្រើពាក្យមួយនេះក្នុងវិញ្ញាសារប្រដាល់។ តែដោយសារអ្នកគាំទ្រកម្ពុជា មិនចង់ប្រើពាក្យនេះ ទើបបានជា Camsoc សម្រេចប្រើសិទ្ធិជាម្ចាស់ផ្ទះលុបពាក្យនេះចោល ហើយជំនួសវិញដោយពាក្យ គុនខ្មែរ ឬ Kun Khmer តែម្ដង៕