ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះជើងឯកលីគកំពូលកម្ពុជាហើយ ក្រោយពីបានយកឈ្នះលើក្រុមបឹងកេតក្នុងលទ្ធផល ៥-០ ។
ក្រោនធ្វើមិនបានល្អទេនៅដើមរដូវកាល ប៉ុន្តែចាប់ពីពាក់កណ្ដាលរដូវកាល ជាពិសេសការលេង play off នេះគឺពួកគេលេងខ្លាំងមែនទែន។ បឹងកេត វិសាខា ព្រះខ័នរាជស្វាយរៀង សុទ្ធតែបរាជ័យក្រោមថ្វីជើងរបស់ពួកគេទាំងអស់។ ហើយប្រកួតចុងក្រោយនៅយប់មិញ លត់ក្រុមបឹងកេតបានដល់ទៅ ៥-០ ទៀត ដើម្បីទទួលបានឱកាសលើកពានរង្វាន់លីគកំពូលកម្ពុជាតែម្ដង។
លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះនៅលើហ្វេសប៊ុកថា៖ «ភាពឡើងចុះក្នុងបាល់ទាត់!ខ្ញុំកំណត់វាជារដូវកាលចម្លែកនៅឆ្នាំនេះ យើងតាមពីក្រោយ ១៨ពិន្ទុ ក្នុងសប្តាហ៍ទី១០នៃលីគ។ វាជាសម្ពាធដ៏ធំមួយលើក្រុមការពារជើងឯក ហើយសម្ពាធគឺមកពីគ្រប់ទិសទី។ គ្រប់គ្នាជឿថាយើងបានជ្រុះចេញពីការប្រកួតប្រជែង»៕