លោក Paulo Bento គ្រូបង្វឹករបស់ក្រុមកូរ៉េខាងត្បូង បាននិយាយសរសើរដល់ក្រុមហ្គាណាថាជាក្រុមមានប្រព័ន្ធលេងការពារល្អមែនទែន ហើយប្រយុទ្ធខាងលើក៏បានលឿនថែមទៀត។
ក្រុមកូរ៉េខាងត្បូង នឹងត្រូវប្រកួតជាមួយក្រុមហ្គាណាក្នងជំនួបទី២នាពានរង្វាន់ FIFA World Cup 2022 នៅរាត្រីនេះ។ ក្រុមតំណាងទ្វីបអាស៊ីមួយនេះ បានបើកឆាកប្រកួតដំបូងនោះបានត្រឹមស្មើជាមួយក្រុមអ៊ុយរុយហ្គាយ ០-០ ប៉ុណ្ណោះមិនមានគ្រាប់បាល់កើតឡើងនោះទេ។ តែនៅការប្រកួតទី២នេះ គ្រូបង្វឹកកូរ៉េខាងត្បូងសង្ឃឹមថានឹងមានគ្រាប់បាល់កើតឡើង ហើយក៏អាចយក៣ពិន្ទុដ៏សំខាន់ពីហ្គាណាផងដែរ។
លោក Paulo Bento ដែលជាគ្រូបង្វឹកបាននិយាយថា៖ “ខ្ញុំជឿជាក់ថារឿងសំខាន់បំផុតក្នុងការប្រកួតគឺជឿជាក់លើសមត្ថភាពខ្លួនឯង។ យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត យើងត្រូវតែហ៊ានបង្ហាញនៅលើទីលាន។ ហ្គាណាជាក្រុមអស្ចារ្យមួយ។ ពួកគេមានតំបន់ការពាររឹងម៉ាំ ហើយប្រយុទ្ធក៏ខ្លាំងផងដែរ។ យើងដឹងថាវាជាការប្រកួតលំបាក យើងត្រូវការលេងសហការគ្នាដូចកាលប្រកួតទី១ដែរ។ ខ្ញុំជឿជាក់ថាយើងនឹងឈ្នះប្រកួតនេះ”៕