ខ្សែប្រយុទ្ធស្លាប Luis Diaz នឹងត្រូវអវត្ដមានចំនួន១០ប្រកួតនៅក្រុមហង្សក្រហម Liverpool ដោយសារតែបញ្ហារបួសជង្គង់របស់គេដែលកើតឡើងអំឡុងប្រកួតទល់ក្រុម Arsenal ។
ក្រុម Liverpool បានបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតពានរង្វាន់ English Premier League កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ក្រៅពីបរាជ័យនេះហើយ ក្រុមរបស់លោក Jurgen Klopp ក៏មានបញ្ហាកីឡាកររបួសកើតចេញពីការប្រកួតនេះផងដែរ។ ជាក់ស្ដែងខ្សែបម្រើប្រយុទ្ធ Diaz បានរងរបួសជង្គង់ក្នុងការប្រកួត ហើយក្រោយពីពិនិត្យទៅរូបគេនឹងត្រូវសម្រាកព្យាបាលជាច្រើនសប្ដាហ៍។ ដោយតាមការព្យាករគេនឹងអវត្ដមានរហូតដល់១០ប្រកួតឯណោះ។
ដោយក្រៅពី Diaz ទៅ ក្រុម Liverpool ក៏មានកីឡាករម្នាក់ទៀតរបួសពេលលេងទល់ក្រុម Arsenal ផងដែរគឺ Trent Alexander-Arnold ។ ខ្សែការពាររូបនេះឈឺកជើង តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ដោយអាចសម្រាក២ទៅ៣សប្ដាហ៍ប៉ុណ្ណោះ។ បញ្ហាកីឡាកររបួសផង និងទម្រង់លេងមិនសូវល្អផង កំពុងធ្វើឱ្យ Liverpool ដុនដាបនៅដើមរដូវកាលនេះ ដោយស្ថិតនៅពាក់កណ្ដាលតារាងឯណោះ៕