កម្ពុជា ​បញ្ជូន​កីឡា​១២​ប្រភេទ​ទៅ​ហាត់​នៅ​ចិន ត្រៀម​ស៊ីហ្គេម​២០២៣​

​បើ​តាម​ការ​បញ្ជាក់​របស់ Camsoc ​ថា​កម្ពុជា ​បាន​សម្រេច​បញ្ជូន​កីឡា​១២​ប្រភេទ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​ឆ្នាំ​២០២២​នេះ​ទៅ ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ស៊ីហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​ប្រភេទ​កីឡា​ទាំង​១២​នោះ​រួម​មាន​កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។ សរុបអត្តពលិកកម្ពុជា​ ១៦១នាក់ នឹងចេញទៅហាត់នៅចិន។ ​ដោយ​នេះ​ជា​ជំនួយ​ពី​ភាគី​ចិន ​ចេញ​ថ្លៃ​ចំណាយ​ទាំង​អស់​តែ​ម្ដង។

​ឯកឧត្តម ​វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ​ CAMSOC ​បានមានប្រសាសន៍ថា ៖​ការងារ​នេះមានការខកខានយូរពេក ដោយសារតែបញ្ហាកូវីដ ការរឹតត្បិតការចេញចូលនៅចិន អ៊ីចឹង​យើង​ក៏​បាន​ពន្យារពេលមកដល់ពេលនេះ។ ឥឡូវនេះ​យើងទទួល​បានគោលការណ៍​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេច​ពិជ័យសេនា ប្រធានគណៈកម្មាធិការជាតិ CAMSOC រួចហើយ ថា នឹង​អនុញ្ញាត​ឱ្យ​ចេញ​ឆាប់ៗ​នេះ​ហើយ​ ព្រោះពេលវេលាយើងមិនអាចចាំបានយូរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT